រឿង ទឹកភ្លៀងលាងគុកអត់ជញ្ជាំង(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
នៅទីនោះមានប្រជាជនចាស់ថ្មីរាប់រយនាក់នាំគ្នាជីកគាស់កាយលិចដីចាក់លុបផ្លូវជាតិលេខ ១ បែកញើសគឃៀដោយម្នាក់ៗមិនហ៊ានស្រដីនិយាយពីការនឿយហត់ឬរំលឹករឿងពីអតីតកាលនោះឡើយ ព្រោះខ្លាចអង្គការចោទថាជាប់និន្នាការសក្តិភូមិ ហើយយកទៅរៀនសូត្រ។ ខ្ញុំចោលកន្ទុយភ្នែកទៅទិសខាងលិចប្រហែលជាង ១០០ ម៉ែត្រឃើញកងឈ្លប បួនទៅ ប្រាំនាក់កំពុងបណ្ដើរក្រុមអ្នកទោស(ឈ្លើយសឹក) ជាង ១០០ នាក់ដែលមានសភាពស្លេកស្លាំងឱ្យមកធ្វើពលកម្មភាពជីករែកដីលប់ផ្លូវជាតិលេខ១ ជាមួយប្រជាជនថ្មី និងប្រជាជនមូលដ្ឋាន តែធ្វើនៅដោយឡែកពីគ្នា។ កាប់ដីបណ្ដើរ រែកដីចាក់លុបថ្នល់ជាតិបណ្ដើរ ខ្ញុំចេះតែលួចចោលភ្នែកសម្លឹងអ្នកទោសដែលប្រជាជនមូលដ្ឋានលួចខ្សឹបប្រាប់ខ្ញុំថា ពួកនេះហើយជាពួកឈ្លើយសឹក ដែលអង្គការយកមករៀនសូត្រ។ ពេលឮយ៉ាងដូច្នេះខ្ញុំភ្ញាក់ខ្លួនព្រើត ភ្នែកលួចសម្លឹងមើលជាថ្មីម្ដងទៀតក្រែងឃើញឪពុកមា បងថ្លៃ បងជីដូនមួយរបស់ខ្ញុំដែលអង្គការយកមករៀនសូត្រកាលពី ៣ ថ្ងៃមុន។ ប៉ុន្តែដោយនៅឆ្ងាយពីគ្នាពេកភ្នែកខ្ញុំបានត្រឹមឃើញពេលព្រឹលៗនិងប្រហាក់ប្រហែលពួកគាត់ខ្លះប៉ុណ្ណោះ។ ពុទ្ធោអើយ! ខ្ញុំរន្ធត់ចិត្តណាស់ ព្រោះឃើញក្រុមឈ្លើយសឹកទាំងនោះសុទ្ធតែមានរាងកាយស្គមស្គាំង ធំតែក្បាលសក់កន្ទ្រើងនិងធំតែក្បាលជង្គង់ភ្នែកមូលដូចកាក់កំពុងនាំគ្នាប្រឹងរែកដីទាំងដួលច្រងាប់ច្រងិលក្រោមកំដៅថ្ងៃខែប្រាំងក្តៅហែងព្រោះហូបមិនឆ្អែត។
សោកនាដកម្មហួសពីការស្មាននេះ ធ្វើឲ្យភ្នែកខ្ញុំថតជាប់ក្នុងអារម្មណ៍បំភ្លេចមិនបាន។ ពេលបញ្ចប់ពលកម្ម នៅម៉ោងប្រហែល៥កន្លះល្ងាច ប្រជាជនថ្មីនិងចាស់នាំគ្នាពុនបង្គីនឹងដងចបធ្វើដំណើរវិលមកកាន់សហករណ៍ភូមិអាគ្រាជវិញ។ ឯក្រុមឈ្លើយសឹកត្រូវកងឈ្លបបណ្ដើរទាំងហ្វូងដូចគោយកទៅឃុំខ្លួនបង្អត់អាហារនៅមន្ទីរឃុំឃាំងក្នុងឃុំកន្សមអក។ ចាប់ពីពេលនោះមកឪពុកមា បងថ្លៃ បងជីដូនមួយ របស់ខ្ញុំដែលអង្គការយកទៅរៀនសូត្រនោះ បាត់ដំណឹងសូន្យឈឹងស្មើនឹងអង្គការសម្លាប់ចោលអស់ហើយ។
ជាមួយនេះស្ថានការណ៍នយោបាយពិភពលោកក្នុងឆ្នាំ ១៩៧៥ មានភាពស្ងាត់ស្ងៀមដោយគ្មានបរទេសណាជួយអើពើឈឺឆ្អាលដល់កម្ពុជានោះទេ សូម្បីសហរដ្ឋអាម៉េរិកដែលជាមហាអំណាចធំមួយចាញ់សង្គ្រាមនៅឥណ្ឌូចិន ក៏មិនឈឺចាប់ដែរ។ កត្តាទាំងនេះធ្វើឲ្យប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយនៅឯកោក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោក ហើយទីបំផុតប្រទេសដ៏អភ័ព្វមួយនេះក្លាយជាប្រទេសកុម្មុយនិស្តផ្ដាច់ការគ្រប់គ្រងដល់របបខ្មែរក្រហម។របបនេះធ្វើឲ្យការរស់នៅរបស់ប្រជាជនរង់ចាំតែថ្ងៃមរណាប្រៀបដូចគុកឥតជញ្ជាំងដោយពឹងផ្អែកលើដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ តែប្រជាពលរដ្ឋប្រជាជនពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការហូបបាយមួយថ្ងៃ ៣ ពេលនោះទេ។របបកុម្មុយនិស្តផ្តាច់ការ ក្រោមការដឹកនាំរបស់សមមិត្តប្រធានប៉ុល ពត អៀង សារី ខៀវ សំផន បានតម្រូវឲ្យប្រជាជនធ្វើការមិនឈបាក់កម្លាំងគ្មានពេលសម្រាកនិងឈប់ឈរ ឱ្យហូបតែបបរតាមការកំណត់របស់អង្គការ ពោលគឺកាច់បំបាក់របបមូលធន ដោយមិនឱ្យមានសិទ្ធិសេរីភាពសិទ្ធិមនុស្ស ជាពិសេសមានផ្សារ សាលារៀន វត្តអារាម និងការរស់នៅតាមបែបឯកជននោះឡើយ។ របបសមូហភាពត្រូវបានកំណត់ជាគោលដោយអង្គការបដិវត្តន៍។
(នៅមានត)


ពិនិត្យស្រាវជ្រាវដោយចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print