អភិបាលក្រុង Lviv ស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន ជិតព្រំដែនប្រទេសប៉ូឡូញ បានរងការវាយប្រហារពីកម្លាំងទាហានរុស្ស៊ី ពេញមួយយប់ ហើយនៅព្រឹកថ្ងៃទី១៨ ខែមេសា ក៏រងការវាយប្រហារដោយមីសុីល៥គ្រាប់បន្ថែមទៀត។
សារព័ត៌មាន Guardian បានដកស្រង់សម្តីលោក Andriy Sadovyi អភិបាលក្រុង Lviv បានឱ្យដឹងថា មានកាំជ្រួចមីស៊ីលមួយគ្រាប់បានធ្លាក់នៅការាសជួសជុលរថយន្តក្នុងទីក្រុងនេះ។ កាំជ្រួចមីស៊ីល៣គ្រឿងទៀតបានធ្លាក់ចំទីតាំងយោធា និងមួយគ្រឿងធ្លាក់នៅជិតស្ថានីយរថភ្លើង។
ការវាយប្រហារនោះបណ្តាលឱ្យ
មនុស្ស៦នាក់ស្លាប់ និង១១នាក់រងរបួស ក្នុងនោះមានទាំងកុមារផងដែរ។ ក្រៅពីនេះក៏មានរថយន្តជាង៤០គ្រឿងរងការបំផ្លាញ ។
ក្នុងពេលជាមួយគ្នានេះដែរ សារព័ត៌មាន RIA បានដកស្រងការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់នៅថ្ងៃទី១៨ខែមេសាថា ការវាយប្រហារទ្រង់ទ្រាយធំពេញមួយយប់ត្រូវបានធ្វើឡើងលើមូលដ្ឋានយោធាអ៊ុយក្រែន និងគោលដៅយោធាដែលពាក់ព័ន្ធផ្សេងទៀត ដោយប្រើប្រាស់កម្លាំងទ័ពអាកាស, មីស៊ីល និងកាំភ្លើងធំ រួមទាំងប្រព័ន្ធមីស៊ីលការពារ ដែនអាកាសវាយប្រហារលើគោលដៅរាប់រយកន្លែងនៅអ៊ុយក្រែន។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ, ការវាយប្រហារតាមផ្លូវអាកាសដោយគ្រាប់មីស៊ីលបានបំផ្លាញទីតាំងយោធាអ៊ុយក្រែនចំនួន ១៦កន្លែង រួមទាំងប៉ុស្តិ៍បញ្ជាការចំនួន៥កន្លែង, ឃ្លាំងស្តុកប្រេង, គ្រាប់រំសេវ ក៏ដូចជារថពាសដែក និងទាហានរបស់អ៊ុយក្រែនផងដែរ។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា គោលដៅវាយប្រហារទាំងនោះ មាននៅក្នុងទីក្រុងខារកៀវ (Kharkiv), ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia), ដូណេត (Donetsk) និងឌីប្រូប៉េត្រូវ (Dnipropetrovsk) រួមទាំងកំពង់ផែ មីកូឡាយីវ (Mykolayiv) ហើយកងទ័ពអាកាសរុស្ស៉ីក៏បានបើកការវាយប្រហារលើទីតាំងប្រមូលផ្តុំកម្លាំង និងសម្ភារសឹកចំនួន ១០៨កន្លែងទៀត។
ចាប់តាំងពីទីក្រុងមូស្គូបើកការវាយប្រហារចូលទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ បច្ចុប្បន្នកងកម្លាំងរុស្ស៉ីកំពុងព្យាយាម គ្រប់គ្រងឱ្យបានទាំងស្រុងនូវទីក្រុងកំពង់ផែ ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីឡោមព័ទ្ធទីក្រុងនេះអស់ជាច្រើនសប្តាហ៍កន្លងមក៕ ដោយធីរីណា
រូបថត : Anadolu
រូបថត:Anadolu