ឧបការីអាមេរិកទទួលបន្ទុកកូរ៉េខាងជើង លោក Sung Kim បានបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃទៅកាន់កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៨ខែមេសា ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ ក្នុងទីក្រុងសេអ៊ូលស្តីពីការប្រឈមមុខតានតឹងជុំវិញកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង ។
ឧបទ្វីបកូរ៉េប្រឈមមុខតានតឹង ក្រោយពេលដែលកូរ៉េខាងជើង សាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប់ ក្នុងនោះមានកាំជ្រួចមីស៊ីលឆ្លងទ្វីបផងដែរ ។ អាមេរិកនិងកូរ៉េខាងត្បូងបារម្ភពីការសាកល្បងគ្រាប់បែកបរមាណូជាថ្មី ។
សារព័ត៌មាន NHK នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ បានផ្សាយថា យោធាកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះបានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងកំពុងបង្កើនការរៀបចំនានាសម្រាប់ការធ្វើសមយុទ្ធយោធាមួយនៅមុនថ្ងៃខួបកំណើតបង្កើតកងទ័ពកូរ៉េខាងជើងនាសប្ដាហ៍ក្រោយនេះ ខណៈដែលសហរដ្ឋអាមេរិកចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ។
បើតាមប្រភពពីយោធាកូរ៉េខាងត្បូង, បរិក្ខារនៅក្នុងចំនួនដ៏ច្រើនត្រូវបានប្រមូលផ្ដុំនៅឯអាកាសយានដ្ឋានមីរីម (Mirim) ស្ថិតនៅជាយរដ្ឋធានីព្យុងយ៉ាង ជាទីដែលការហាត់សមព្យុហយាត្រាយោធាតែងតែធ្វើឡើង ហើយប្រហែលជាមានមនុស្សច្រើនជាង ២០,០០០នាក់ អាចនឹងចូលរួមនៅក្នុងព្យុហយាត្រាយោធានេះ។
នៅថ្ងៃចន្ទនេះដែរ អាមេរិកនិងកូរ៉េខាងត្បូងក៏បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាផងដែរ តែជាការធ្វើសមយុទ្ធតាមប្រព័ន្ធកុំព្យូទ័រដែលត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយមានរយៈពេល៩ថ្ងៃចាប់ពីថ្ងៃចន្ទនេះតទៅជាមួយគោលដៅដ៏ទូលំទូលាយនៃការត្រៀមលក្ខណៈ ការពារជាតិរួមគ្នា។
កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា អាចនឹងធ្វើតេស្ដមីស៊ីល ICBM និងអាវុធនុយក្លេអ៊ែរឡើងវិញក្នុងពេលឆាប់ៗ ខាងមុខនេះ ខណៈដែលមានការសង្ស័យថា ការសម្ញែងអាវុធថ្មីៗ ឬការធ្វើតេស្ដអាវុធអាចនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមេសានេះដែលចំថ្ងៃខួបលើកទី៩០ នៃការបង្កើតកងទ័ពកូរ៉េខាងជើង៕ ដោយធីរីណា
រូបថត : REUTERS