រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃទី១៩ខែមេសា បានច្រានចោលព័ត៌មានថា រុស្ស៊ីនឹងប្រើប្រាស់អាវុធបរមាណូនៅក្នុងសង្គ្រាមអ៊ុយក្រែន។
សារព័ត៌មាន RT បានដកស្រង់សម្តីលោក Sergey Lavrov ដែលបានបញ្ជាក់នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១៩ខែមេសាថា «រុស្ស៊ីមិនដែលគិតប្រើប្រាស់អាវុធបរមាណូដល់ប្រទេសជិតខាងនោះឡើយ ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ជាអ្នកនិយាយពីរឿងនោះ»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា «ខ្ញុំសូមរំលឹកឡើងវិញថា គ្មានអ្នកណាម្នាក់យកឈ្នះនៅក្នុងសង្គ្រាមបរមាណូនោះឡើយ។ ចំពោះសង្គ្រាមអ៊ុយក្រែនខ្ញុំសូមធានាថា រុស្ស៊ីនឹងប្រើប្រាស់អាវុធធម្មតាប៉ុណ្ណោះ»។
សារព័ត៌មានRT បានផ្សាយថា ការប្រកាសរបស់លោក Sergey Lavrov ក្រោយរយៈពេលប៉ុន្មានថ្ងៃដែលមេដឹកនាំអ៊ុយក្រែន លោក Zelensky ប្រកាសនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានCNNថា រដ្ឋាភិបាលទីក្រុងមូស្គូអាចនឹងប្រើប្រាស់អាវុធបរមាណូនៅក្នុងសង្គ្រាមអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyប្រកាសថា «ប្រទេសទាំងអស់នៅលើពិភពលោកចាំបាច់ត្រូវតែត្រៀមលក្ខណៈ ដោយរុស្ស៊ីអាចនឹងប្រើប្រាស់អាវុធបរមាណូនៅក្នុងសង្គ្រាមអ៊ុយក្រែន ។ មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺពិភពលោកទាំងមូល ចាំបាច់ត្រូវតែមានក្តីបារម្ភ។ នេះមិនមែនជាព័ត៌មានពិត ប៉ុន្តែវាអាចកើតឡើងពិត»៕ ដោយធីរីណា
រូបថត : Tass