ភ្នំពេញ៖ រថយន្តមែរសឺដេស១គ្រឿងបានរងការខូចខាតផ្នែកខាងមុខទាំងសងខាង ដោយសារតែអ្នកបើករថយន្តឡិចសុីសបើកមកបុកពីចំហៀងរថយន្តយ៉ាងពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ២១៤ ស្តិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តឡិចសុីសម៉ាកRX330មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE-5676 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវលេខ២១៤ ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្គូតទៅបុកពីចំហៀងយ៉ាងពេញទំហឹងរថយន្តមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A -9936 ដែលចតទុកចោលនៅមុនប៉ុស្តិ៍បឹងព្រលិតបណ្តាលឲ្យរថយន្តរងការខូចខាត ។ ភ្លាមៗនោះស្រាប់តែអ្នកបើករថយន្តឡិចសុីសបានព្យាយាមបើករត់គេចរហូតដល់ផ្លូវលេខ១៦៤ខាងក្រោយសាលាបាក់ទូកទើបសមសមត្ថកិច្ចឃាត់ខ្លួននឹងរថយន្តបានភ្លាមៗតែម្តង ហើយយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។
ក្រោយកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ស រស្មី