ខេត្តក្រចេះ៖ នគរបាលស្រុកស្នួលបានឱ្យដឹងថា ជនសង្ស័យ២នាក់ម្តាយនិងកូន ដែលសមត្ថកិច្ចកំណត់ថា ជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មនាពេលកន្លងមក គឺត្រូវនគរបាលជំនាញស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនបាន នៅលើលំនៅដ្ឋានជនសង្ស័យ ក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ខណៈដែលជនសង្ស័យកំពុងរក្សាទុកថ្នាំញៀនសម្រាប់ចែកចាយបន្ត ។
ជាមួយនិងការចាប់ឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀន២នាក់ម្តាយកូន របស់កម្លាំងនគរបាលស្រុកស្នួល គឺបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ខែមេសា ក្នុងនោះសមត្ថកិច្ច បានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៩កញ្ចប់ ក្នុងនោះមាន៥កញ្ចប់ធំ គ្រាប់ថ្នាំពណ៌ត្នោតដែលសង្ស័យថា ជាប្រភេទថ្នាំមេតំហ្វេតាមីនចំនួន៩គ្រាប់ រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនធំ។
អធិការនគរបាលស្រុកស្នួលលោក ចាន់ សុខគីម បានឱ្យដឹងថា ស្រ្តីជាជនសង្ស័យ២នាក់ម្តាយនិងកូននេះ ស្រ្តីជាម្តាយឈ្មោះ ផេង សាវ៉ាត អាយុ៦៧ឆ្នាំ ចំណែកស្រ្តីសង្ស័យជាកូនឈ្មោះ យាន ស្រីគៀង អាយុ២២ឆ្នាំ ជនសង្ស័យទាំង២នាក់មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ។
លោកអធិការបានបន្តថា ក្រោយពីចាប់ឃាត់ខ្លួនស្ត្រីជាជនសង្ស័យ២នាក់ម្តាយកូន រួមនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៩កញ្ចប់ ក្នុងនោះមាន៥កញ្ចប់ធំ គ្រាប់ថ្នាំពណ៌ត្នោតដែលសង្ស័យថា ជាប្រភេទថ្នាំមេតំហ្វេតាមីនចំនួន៩គ្រាប់ រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនធំ ត្រូវបាននាំមកកាន់អធិការរដ្ឋាននគរបាលស្រុកស្នួល ។
បច្ចុប្បន្នជនសង្ស័យ២នាក់ម្តាយនិងកូន គឺកំពុងស្ថិតក្នុងការសាកសួរពីសមត្ថកិច្ចជំនាញរបស់នគរបាលស្រុកស្នួល ហើយគ្រោងនិងបញ្ជូនខ្លួនបន្តមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តក្រចេះ នៅរសៀលថ្ងៃទី២៩ខែមេសានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕
ដោយ៖ កោះទ្រុង