ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី 21 ខែមេសាឆ្នាំ 2022 បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើលោកអ្នកកំពុងតែប្រើ MagSafe Battery Pack ដើម្បីសាកថ្មទូរសព្ទ iPhone ហើយមានការធុញទ្រាន់ដោយសារតែការសាកថ្មមានល្បឿនយឺតនោះ លោកអ្នកអាចធ្វើបច្ចុប្បន្នភាពកម្មវិធី (firmware) ដែលមានលេខសំគាល់ 2.7.b.0 ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញ។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនេះ លោកអ្នកអាចសាកថ្មដែលមានកម្លាំងរហូតដល់ទៅ 7.5W ដែលពីមុនមកលោកអ្នកអាចសាកថ្មបានត្រឹមតែ 5W ប៉ុណ្ណោះ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានពន្យល់ថា, ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី firmware លោកអ្នកអាចភ្ជាប់ Battery Pack ទៅនឹងទូរសព្ទ ប៉ុន្តែវាត្រូវការរយៈពេលរហូតដល់ទៅមួយសប្តាហ៍។ ប្រសិនបើលោកអ្នកចង់ធ្វើបច្ចុប្បន្នភាពកម្មវិធីឱ្យបានលឿនជាងនេះ លោកអ្នកអាចភ្ជាប់វាទៅនឹងកុំព្យូទ័រ Mac ឬ iPad ដោយប្រើខ្សែ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្តថា, ប្រសិនបើលោកអ្នកចង់ធ្វើការផ្ទៀងផ្ទាត់កម្មវិធី firmware លោកអ្នកត្រូវភ្ជាប់ Battery Pack ទៅនឹងទូរសព្ទ ហើយចូលទៅក្នុង Settings > General > About > MagSafe Battery Pack៕