នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ដោយផ្តោតសំខាន់ទៅលើគោលដៅ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិ ។ ប្រមុខដឹកនាំប្រទេសទាំងពីរមិនបានលើកឡើងពីបញ្ហាវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។
ទំនាក់ទំនងទ្វេភាគី គឺជាគោលដៅសំខាន់បំផុតនៅក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី ២១ខែមេសានេះ។ ភាគីទាំងពីរ មានបំណងចង់ឈានដល់កិច្ចព្រមព្រៀងលើវិស័យពាណិជ្ជកម្មនៅចុងឆ្នាំនេះ ។
ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២បានផ្សាយថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌា ដើម្បីចាប់ផ្តើមការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅទីនោះ។ លោក Johnson បានធ្វើដំណើរទៅដល់ទីក្រុង Gujarat ដែលជារដ្ឋកំណើតរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi)។ នៅទីនោះ លោកនាយករដ្ឋមន្រ្តីអង់គ្លេសនឹងជួបជាមួយក្រុមថ្នាក់ដឹកនាំវិស័យធុរកិច្ច រួចធ្វើទស្សនកិច្ចក្នុងទីក្រុង Ahmedabad មុនពេលបន្តដំណើរទៅកាន់រដ្ឋធានីញូវដេលី ហើយជួបជាមួយលោក ម៉ូឌី នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបតិ្តការផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ ព្រមទាំងអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
បញ្ហាអ៊ុយក្រែនក៏នឹងស្ថិតក្នុង ប្រធានបទនៃកិច្ចពិភាក្សារវាងលោក Johnson នឹង លោក Modi ផងដែរ។ កាលពីខែមីនាកន្លងទៅ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) បានត្រឡប់ពីទីក្រុងញូវដេលីវិញដោយដៃទទេ នៅពេលលោកស្រីបានព្យាយាមទទូចឱ្យ ឥណ្ឌាចូលរួមប្រឆាំងជាមួយរុស្ស៉ី។
ពាក់ព័ន្ធគម្រោងដំណើរទស្សនកិច្ចរបស់លោក Johnson ទៅកាន់ប្រទេសឥណ្ឌា គឺកន្លងមកត្រូវបានពន្យារពេល២លើករួចមកហើយ ដោយសារតែការកើនឡើងនៃករណីឆ្លង COVID-19 នៅក្នុងប្រទេសទាំងពីរ ហើយតាមពិតវាបានស្ថិតក្នុងភាពស្រពេចស្រពឹលម្តងទៀតនាសប្តាហ៍នេះ ដោយសារតែរឿងចម្រូងចម្រាសពាក់ព័ន្ធសកម្មភាពបំពានរបស់លោក Johnson ចំពោះគោលការណ៍រឹតត្បិត COVID-19 នៅអង់គ្លេស៕ ដោយធីរីណា