ក្នុងរយៈពេលបីខែដើមឆ្នាំ២០២២នេះ! កម្ពុជា​នាំចេញត្បូង និងគ្រឿងអលង្ការ ទៅកាន់ទីផ្សារអន្តរជាតិតម្លៃជិត ១០០លាន កើនឡើងជាង១៣០០%

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និរដ្ឋាករកម្ពុជា​ បានឱ្យដឹងថា៖​ ក្នុងរយៈពេលបីខែដើមឆ្នាំ២០២២នេះ​ កម្ពុជា​ បាននាំចេញត្បូង និងគ្រឿងអលង្ការ ទៅកាន់ទីផ្សារអន្តរជាតិតម្លៃជិត ១០០លាន កើនឡើងជាង១៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញ គុជខ្យងធម្មជាតិ ឬចិញ្ចឹម, ត្បូងថ្មមានតម្លៃ ឬមានតម្លៃមធ្យម, លោហធាតុមានតម្លៃ លោហធាតុស្រោបដោយលោហធាតុមានតម្លៃ គ្រឿងអលង្ការកាឡៃ និងកាក់ មានតម្លៃជាង៩១លានដុល្លារអាមេរិក កើនឡើង១៣៨៧.៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានតម្លៃត្រឹមតែជាង៦លានប៉ុណ្ណោះ។

ដោយឡែកបើគិតពីការនាំចេញសម្រាប់តែខែមីនា ការនាំចេញត្បូងរបស់កម្ពុជា មានតម្លៃជាង៥៥លានដុល្លារអាមេរិក កើនឡើង ២៨៤១% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃត្រឹមតែ១លានប៉ុណ្ណោះ។

ចំណែកការនាំចូលវិញ ក្នុងរយៈពេលបីខែនេះកម្ពុជាបាននាំចូលត្បូងផ្សេងៗ តម្លៃ១ ៣១៧ លានដុល្លារ ថយចុះ៤៦.២% ខណៈការនាំចូលក្នុងខែមីនា ធ្លាក់ ៨៧.៨% គឺមានតម្លៃត្រឹមតែ ១៣៥លានដុល្លារ។

ទន្ទឹមនឹងការកើនឡើងនៃការនាំចេញត្បូង និងគ្រឿងអលង្ការនេះ ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់ពាណិជ្ជករ ដែលកំពុងធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ឱ្យចូលរួមពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរីផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print