មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការ សុខភាពពិភពលោក ប្រចាំនៅកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ដោយ មានការចូលរួមពីសំណាក់លោក ឈឹម កាន អភិបាល រងខេត្តមណ្ឌលគិរី និងមន្ទីរអង្គភាពជំនាញ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
នៅក្នុងជំនួបនេះ លោក ឈឹម កាន អភិបាលរងខេត្ត បានជម្រាបជូន អំពីវឌ្ឍនភាពការងារចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងនោះរដ្ឋបាលខេត្ត បានខិតខំណែនាំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យស្វែងយល់ និងទទួលនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ពិសេសគឺដូសទី៣ ឬដូសជំរុញ។
លោកស្រី ឱ វណ្ណឌីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត ក៏ដូចជាអជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ លោកស្រី បានស្នើឲ្យអាជ្ញាធរខេត្ត ធ្វើយ៉ាងណាជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល នៅតាមមណ្ឌល សុខ ភាព ឬតាមមន្ទីរពេទ្យបង្អែក ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានច្រើន និងលឿន ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕