តារាល្បីៗជាច្រើន សម្រុកគ្នាទៅលេង ដល់កន្លែងរូបសំណាក ព្រះថោង នាងនាគ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រូបសំណាក «ព្រះថោងនាងនាគ» ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ត្រូវបានរៀបចំពិធីអភិសេកជាផ្លូវការនាព្រឹកថ្ងៃ ទី១៦ ខែមេសា ឆ្នាំ២០២២កន្លងទៅ ពិធីរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ក្រោយប្រកាសពិធីអភិសេកជាផ្លូវការគេសង្កេតឃើញប្រជាពលរដ្ឋជាច្រើនកុះករសំរុកចូលទស្សនា និងថតរូបលេងទុកជាអនុស្សាវរីយផងដែរក្នុងនោះក៏មានទាំងសិល្បករប្រុសស្រីល្បីឈ្មោះផងដែរ។

តារាល្បីៗ ជាច្រើនរូប នាំគ្នាទៅថតរូបលេងកម្សាន្តនៅទីនោះ មានដូចជា តារាចម្រៀងឱក សុគន្ធកញ្ញា  ឆន សុវណ្ណរាជ, តារាចម្រៀង សុគន្ធ និសា,សួសវីហ្សា និងស្វាមី តារាសម្តែង , ពិធិករ និងតារាសម្តែង លោក ប៉ែន ចំរុង និងភរិយា, តារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា រួមនិងតារាល្បីៗជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ក្រៅពីការថតរូបលេងកម្សាន្តនិងបានបង្ហោះរូបថតជាច្រើនបន្តបន្ទាប់សិល្បករក៏មិនភ្លេចការកោតសរសើរអំពីគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុដែលបានរៀបចំកសាងរូបសំណាកនេះឡើងដើម្បីទុកសម្រាប់ជាទីកម្សាន្តអារម្មណ៍ ឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ជាតិផងដែរ។ 

គួរបញ្ជាក់ដែរថារូបសំណាក ព្រះថោងតោងស្បៃព្រះនាងនាគ នេះ មានកម្ពស់ជាង២១ម៉ែត្រ រចនាស្ថាបត្យកម្ម ដោយកូនខ្មែរ ត្រូវបានសាងសង់ឡើងយ៉ាងហ្មត់ចត់នៅប្រទេសចិន និងបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃ២៥ ខែមីនា ២០២២។ រូបសំណាក “ព្រះថោងនាងនាគ” បានដាក់បែរព្រះភក្ត្រ ឆ្ពោះទៅសមុទ្រ ដោយសាររឿងព្រេង ការកកើតនគរខ្មែរ គឺព្រះនាងនាគបានឲ្យព្រះថោង តោងកន្ទុយ ឬស្បៃ ដើម្បីមុជទឹក ហោះទៅកាន់ឋានស្ដេចភុជង្គនាគ ដើម្បីជួបមាតា បិតារបស់ព្រះនាង ហើយនោះ គឺជានិម្មិតរូប នៃការកកើតទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នគរខ្មែរ គោកធ្លក ដែលគេឃើញមានតរៀងមកក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ រហូតដល់សព្វថ្ងៃ៕ 

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print