ភោជនីយដ្ឋាន​យីហោ​”សាច់​អាំង​រតនៈ”​នៅកណ្តាល​ក្រុង​បាត់ដំបង​ លួចបង្កប់​ប្រេីប្រាស់គ្រឿងញៀន​ត្រូវ​សមត្ថកិច្ចឆ្មក់​បង្ក្រាប​និងនាំខ្លួន​អ្នកពាក់ព័ន្ធ​ជាង២០​នាក់​

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ មនុស្ស​ប្រុស​ស្រី​ចំនួន​ ២១នាក់​ ត្រូវ​បានសមត្ថកិច្ចជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​នាំយកមក​សាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន ​ឆ្មក់​ចុះបង្ក្រាបភោជនីយដ្ឋាន​យីហោ​”សាច់​អាំង​រតនៈ”​ស្ថិតនៅកណ្តាល​ក្រុង​បាត់ដំបង​ លួចបង្កប់​ប្រេីប្រាស់គ្រឿងញៀន​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខេត្ត​ដែលបានថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹកថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​។

​មន្រ្តីជំនាញ​បានគូសបញ្ជាក់ថា​៖​ សំណុំ​រឿងនេះ​សមត្ថកិច្ច​ជំនាញ​គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ទៅកាន់​តុលាកា​រខេត្តបាត់ដំបង នៅ​ព្រឹកថ្ងៃទី​២៦ ខែមេសានេះ ចំណែកឯ​អ្នកពាក់ព័ន្ធ​ប្រយោល​ត្រូវ​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា​រួច​ឱ្យវិលត្រឡប់​ទៅកាន់​លំនៅឋាន​វិញ​។​

​ករណី​រក្សាទុក និង​ជួញដូរ​ថ្នាំញៀន​នេះ​ធ្វើឡើង​នៅ​វេលារំលង​អធ្រា​ត្រថ្ងៃទី​២៤ ឈានចូល​ថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២២ នៅចំណុច​ក្លិប​ខារ៉ាអូខេ​សាច់​អាំង​រតនៈ ស្ថិត​ក្មុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ប្រតិបត្តិការ​ខាងលើនេះ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​ខេត្ត បាន​ឆ្មក់បង្ក្រាបនិងក្រសោប​នាំខ្លួន​បុរស​នារី​ទាំងអស់​ចំនួន ២១​នាក់យកមក​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ហើយជា​លទ្ធ​បញ្ជាក់ថា មាន​បុរស២​នាក់​បានជាប់​ពាក់ព័ន្ធ​ផ្ទាល់​ក្នុងករណី​ជួញដូរនិង​រក្សាទុក​គ្រឿងញៀន ជា​មេការ​ម្នាក់ រួមទាំង​ម្ចាស់​ទីតាំង​ម្នាក់ទៀត​ផងដែរ​។​

មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀននៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានឱ្យដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ទុន សុភ័ក្ត្រ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ជា​មេការ និង​ជា​អ្នកជួញដូរ និង​រក្សាទុក​គ្រឿងញៀន និង​ម្នាក់ទៀត​ឈ្មោះ​ជា សុខ​មុន្នី ភេទ​ប្រុស អាយុ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ជា​ម្ចាស់​អ្នក​ជួល​ទីតាំង​ខារ៉ាអូខេ សាច់​អាំង​រតន​:​ខាងលើ​។​

ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន KET AMINE ចំនួន ៣​ថង់​ទម្ងន់២,៧៧ក្រាម និង​ថ្នាំញៀន​ប្រភេទ​អិច​ស្តា​ស៊ី MD MA ចំនួន៣​គ្រាប់​ទម្ងន់១,១១ ក្រាម ព្រមទាំង​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម ពាក់​ស្លាក​លេខ ភ្នំពេញ ២L-២៥០១៕​

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print