Breaking News , សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត ! ខណះនៅភ្នំពេញគ្មានអ្នកឆ្លងពីម្សិលមុិញ !

ចែករំលែក៖

ភ្នំពេញ : បើយោងតាមសារពិសេស របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត ! សម្តេចតេជោបានថ្លែងថា, បន្ទាប់ពីមានការដឹកនាំប្រជុំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអនុប្រធានប្រចាំការ នៃគណៈកម្មការប្រឆាំងជំងឺកូវី19 រួមជាមួយមន្ត្រីពាក់ព័ន្ធនានា បានបង្ហាញឲ្យឃើញលទ្ធផល ។
ទី១-លើកលែងការពាក់ម៉ាសលើទូទាំងប្រទេស ចំពោះកន្លែងទីសាធារណៈ និងកន្លែងទីចំហរនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឲ្យប្រជាជន ទាំងអស់ធ្វើការសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស ។ ដូច្នេះមានន័យថាចាប់ពីម៉ោងដែលបងប្អូនបានទទួលសារសំឡេងនេះ បងប្អូនអាចជ្រើសរើសខ្លួនឯង បន្តពាក់ម៉ាស តទៅទៀត ឬឈប់ពាក់ម៉ាស ! នៅកន្លែងដែលជំហរ ក្រៅពីកន្លែងដែលបិទជិត ! ។
សម្ដេចបានថ្លែងបន្តថា, អត្ថន័យនៃកន្លែងដែលបិទជិត គឺសំដៅទៅលើបន្ទប់នៃការប្រជុំ ដែលមានការបិទជិតហើយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅរោងភាពយន្ត នៅទីនោះដែលមានការបិទជិត ហើយមានប្រើម៉ាស៊ីនត្រជាក់ ។ ប៉ុន្តែក្នុងករណីដែលមានការបើកលំហរ ដូចជាការនៅក្នុងអគារផងដែរ ប៉ុន្តែមានលំហរនៅខាងក្រៅ អាចដោះម៉ាសចេញ ហើយកាន់តែច្បាស់តទៅទៀត នៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ នៅតាមកន្លែងកំសាន្តផ្សេងៗ ដែលមិនមានការបិទជិតទេនោះ បងប្អូនអាចសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស ។
សម្ដេចបានលើកឡើងថា, ចំពោះទីតាំងមួយចំនួនទៀត រាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្តឲ្យមានការពាក់ម៉ាស ប៉ុន្តែមិនមែនជាកាតព្វកិច្ចដែលត្រូវតម្រូវឱ្យពាក់នោះទេ ។ ហើយរាជរដ្ឋាភិបាលនៅតែមានការតម្រូវឲ្យពាក់ម៉ាស នៅកន្លែងដែលមានមនុស្សកកកុញ កន្លែងដែលសង្ស័យថាមានកូវីដនៅទីនោះ។ ដូច្នេះជម្រើសនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ចូលរួមចំណែក ជាមួយនឹងបងប្អូនជនរួមជាតិ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញរួចមកហើយ ។ សម្ដេចបញ្ជាក់ថា, ចំណុចទីកន្លែងដែលធ្លាប់បានអនុវត្ត ទៅតាមស្តង់ដារដែលបានរៀបចំដោយក្រសួងសុខាភិបាល ដូចជា, ភោជនីយដ្ឋាន កន្លែងដែលមានការបិទជិត ត្រូវបន្តអនុវត្តតាមនោះ និងទៅតាមការជាក់ស្ដែងនៅកន្លែងនេះមួយៗ ដោយមិនស្លាប់ក្រឡានោះទេ។ សង្ឃឹមថាបងប្អូនជនរួមជាតិរបស់យើង នឹងបានរំដោះខ្លួនចេញពីការលំបាក ការចំណាយ ដែលយើងបានយកវ៉ាក់សាំងមកជំនួស ដោយមិនពាក់ម៉ាស ។ ប៉ុន្តែដើម្បីធានាបន្តនូវភាពរឹងមាំ និរន្តរភាពនៃការមិនពាក់ម៉ាស ហើយនឹងមិនមានជំងឺឆ្លងបន្ត ខ្ញុំសូមលើកពីរចំណុចទី២។
ទី២-អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង សូមទទួលយកវ៉ាក់សាំងដូសទី៣ ដោយចាត់ទុកថាជាដូស អប្បបរិមា កម្រិតទាបបំផុតនៅក្នុងប្រទេសរបស់យើង ដែលបងប្អូនបានចាក់២ដូសរួចមកហើយ គឺបន្តចាក់ដូសទី ៣ ចំណុចនេះ គឺជាចំណុចនៃការទាមទារ អំពីសុខមាលភាពផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋ និងការពារអាយុជីវិត ក៏ដូចជាក្រុមគ្រួសារ របស់បងប្អូន នឹងខ្លួនយើងម្នាក់ៗ ។
សម្ដេចបានបញ្ជាក់ទៀតថា, ដើម្បីជៀសវាងនូវការភ័ន្តច្រឡំណាមួយ ទោះបីជាខ្ញុំបានប្រើថា ជាកាតព្វកិច្ច ។ ប៉ុន្តែវាមិនពាក់ព័ន្ធទៅនឹងផ្លូវច្បាប់នោទេ ការប្រើពាក្យកាតព្វកិច្ចមានការភាន់ច្រឡំ ប៉ុន្តែអ្វីដែលខ្ញុំនិយាយអំពីបញ្ហាដូសទី ៣ នេះ បងប្អូនចាក់ ដោយឈរលើស្មារតីស្ម័គ្រចិត្ត ហើយបើទោះបីជាបងប្អូនមិនបានចាក់ ក៏មិនមានច្បាប់មួយណាតម្រូវឱ្យមានការផាកពិន័យ និងវិធានការរដ្ឋបាលនោះទេ។ ប៉ុន្តែខ្ញុំនៅតែទទូចឲ្យបងប្អូនជនរួមជាតិ របស់យើង ទៅបន្តទទួលយក នូវដូសទី៣ ដែលតិចបំផុត សម្រាប់អ្នកដែលបានចាក់ដូសទី ១ និងដូសទី២ រួចហើយ។ បើបងប្អូនពេញចិត្ត អាចនឹងមកទទួលដូសទី៤ បន្ថែមទៀត ហើយយើងក៏កំពុងពិនិត្យអំពីលទ្ធភាព នៃការចាក់ដូសទី៥ សម្រាប់មន្ត្រីជួរមុខរបស់យើង ជាបន្តទៀត ដោយយើងមិនមែនគ្មានវ៉ាក់សាំងណាមួយសម្រាប់ចាក់ជូនបងប្អូននោះទេ ។ អ្វីដែលខ្ញុំអំពាវនាវចង់បានបំផុតគឺ ការទទួលយកវ៉ាក់សាំងដូដទី ៣ នេះតែម្ដង សម្រាប់ប្រជាពលរដ្ឋប្រមាណជា ៦ លាន ៤ សែននាក់ ដែលមិនទាន់បានទទួលដូសវ៉ាក់សាំងទី៣នៅឡើយ។ សម្ដេចបានលើកឡើងទៀតថា, បើទោះបីបងប្អូនប្រជាពលរដ្ឋមិនបានចាក់ ក៏មិនត្រូវមានការផាកពិន័យ ឬមានទណ្ឌកម្មណាមួយទេ តែនេះជាបញ្ហាសុខមាលភាព សុខភាព ផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋ ម្នាក់ៗ និងក្រុមគ្រួសាររៀងខ្លួនតែប៉ុណ្ណោះ ។
សម្ដេចបានថ្លែងបន្តថា, បន្ទាប់ពីដកកាតព្វកិច្ចម៉ាស យើងនៅតែបន្ត តាមដានទៅលើចំណុចទាំងឡាយ ដែលវាអាចឆ្លងកើតឡើង ហើយដែលរាជរដ្ឋាភិបាលប្រកាន់យក នូវអភិក្រម គ្រប់គ្រងតាមរយៈនៃការ ឱ្យពាក់ម៉ាសឡើងវិញ ឬក៏ទាំងស្រុងទូទាំងប្រទេស ឬក៏មួយផ្នែកណានោះ ។ ដូច្នេះទាមទារបន្ទាប់លើកលែងពីការពាក់ម៉ាស សូមស្នើទាំងប្រជាពលរដ្ឋមេត្តាពិនិត្យខ្លួនឯង ធ្វើតេស្ត រុករកអំពី ទាក់ទិននឹងកូវីដ19 , ផ្នែកអាជ្ញាធរ ផ្នែកវិស័យសុខាភិបាល គាត់ត្រូវតាមដាន

ពីបទប្រែប្រួលនៃបញ្ហាទាំងអស់នេះ ដើម្បីយើងមានវិធានការទាន់ពេល។ វិស័យសុខាភិបាលគាត់ត្រៀមឆ្លើយតបជាមួយនឹងបញ្ហាទាំងឡាយ ដែលអាចកើតឡើងជាយថាហេតុ ។ ព្រោះថានៅលើពិភពលោកនេះកូវីដពុំទាន់អស់នៅឡើយទេ បន្ថែមទៅដោយកូវីដប្រភេទថ្មីៗ កើតឡើងដែល អង្គការសុខភាពពិភពលោកបានប្រកាស នូវប្រភេទ ៣ ផ្សេងទៀត ។ ប្រសិនបើប្រភេទបីទាំងនេះវាកើតសាហាវ រាជរដ្ឋាភិបាល គាត់ត្រូវមានវិធានការដាក់ ឱ្យពាក់ម៉ាសឡើងវិញ ឬក៏តម្រូវឲ្យមានការធ្វើអ្វី ដើម្បីការពារនូវសុខភាព របស់បងប្អូនជនរួមជាតិ ចាំបាច់។ វិស័យសុខាភិបាលត្រូវតែតាមបានឱ្យបានម៉ត់ចត់ និងត្រៀមបម្រុងកម្លាំងប្រតិកម្មរហ័ស ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍ ដែលកើតឡើងបន្ទាប់ដែលកាលពីយើង ដោះកាតព្វកិច្ចនៃការពួកម៉ាសនេះចេញ។
សម្ដេចមានប្រសាសន៍លើកឡើងថា, ការដកការពាក់ម៉ាសការបង្កបរិយាកាសឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយរីករាយ របស់យើង ។ ហើយក៏ជាការបង្វែរ ពីការចំណាយប្រាក់ទិញម៉ាស មកទិញម្ហូបអាហារ សំលៀកបំពាក់ ដល់កូនចៅ និងសន្សំប្រាក់កាសនោះ ប្រើប្រាស់ទៅលើគោលដៅផ្សេង។
សម្ដេចចាត់ទុកថា, គឺជាការអំពាវនាវ ដើម្បីឲ្យមានភាពសំុាក្នុងសហគមន៍ និងមានការរឹងមាំ បន្ទាប់ពីការដោះម៉ាសនេះ គឺវ៉ាក់សាំង ជំនួសម៉ាសទាំងស្រុង ។ ដូច្នេះបងប្អូនដែលមិនទាន់បានមកទទួលដូសទី៣ សូមអញ្ជើញមកទទួលដូសទី៣ ហើយបើត្រូវទទួលដូសទី៤ មកទទួលដូសទី៤ និងត្រៀមបម្រុងសម្រាប់ដូសទី៥ សម្រាប់ចាក់មន្ត្រីជួរមុខរបស់យើង។
សម្ដេចសូមអបអរសាទរ និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលខ្ញុំគ្រាកន្លងទៅបានចូលរួមយ៉ាងសកម្ម គាំទ្រទៅដល់រាជរដ្ឋាភិបាល វិធានការ ទាំងឡាយដែលរាជរដ្ឋាភិបាលដាក់ចេញ តាមរយៈក្រសួងសុខាភិបាលក្តី តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិក្តី តាមរយៈសារសំឡេងខ្ញុំជូនបងប្អូនប្រជាពលរដ្ឋក្តី ។ ដោយសារតែកិច្ចសហប្រតិបត្តិការនិងការចូលរួមរបស់ប្រជាពលរដ្ឋនេះហើយ ដែលធ្វើឲ្យប្រទេសយើងមានភាពធូរស្រាល ថ្ងៃនេះនៅទូទាំងប្រទេសមានអ្នកឆ្លងជំងឺ covid-19 ត្រឹមតែពីរនាក់ប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍មិនធ្លាប់មាន ហើយជាលើកដំបូង ក្នុងប្រវត្តិជាង ១ ឆ្នាំ នៅក្នុងរាជធានីភ្នំពេញពុំមានឆ្លងនោះទេ សម្រាប់ថ្ងៃទី 25 ខែមេសា ឆ្នាំ 2022 កាលពីម្សិលមិញ។ នេះគឺជារឿងដែលគួរឲ្យត្រេកអរ ជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រុមគ្រូពេទ្យ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា ដែលបានចូលរួមអនុវត្តនូវវិធានការទាំងនេះ ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print