ខេត្តព្រះសីហនុ : ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានជម្រាបជូនថា តាមរយៈដំណើរទស្សនកិច្ចនេះ យុវជនក្រសួង និស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរសាធារណការរាជធានីខេត្តទាំងអស់ និងប្រជាពលរដ្ឋ បានឃើញពីការរីកចម្រើនលើវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជាពិសេសផ្លូវល្បឿនលឿន បានចូលរួមដឹងឮ រៀនសូត្រ និងជួយផ្សព្វផ្សាយបន្តទៅកាន់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំស្រុករបស់ខ្លួនថាប្រទេសជាតិពិតជាមានការរីកចម្រើនប្រាកដមែន។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះសម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថាផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថារាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមសូមជម្រាបជូនថា, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការស្ដីបន្ទោសធ្ងន់ៗ ទៅលើក្រុមហ៊ុនហាន់សុីញ គម្រោងស្ថាបនាផ្លូវជាតិលេខ 2 និងផ្លូវជាតិលេខ 22 រកឃើញថាមិនមានគុណភាព ស្របតាមស្តង់ដារបច្ចេកទេស របស់ក្រសួងដែលបានធ្វើកិច្ចសន្យាហើយនោះ ។ លោកចាត់ទុកថា ក្រុមហ៊ុនមួយនេះ ខ្វះគ្រឿងចក្រ ហើយលោកក៏បានប្រាប់ទៅទូតកូរ៉េផងដែរថា, ក្រុមហ៊ុនហាន់ស៊ីញ យកគ្រឿងចក្រស្ទើរតែសម័យសង្គ្រាមលោកលើកទី 2 ចាស់ៗ មកស្ថាបនាសាងសង់ផ្លូវជាតិ ដែលមិនអាចបំពេញតម្រូវការតាមស្តង់ដារបាន ។
លោកទេសរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា, កម្ពុជាត្រូវការអាវថ្មី យើងមិនត្រូវការអាវថ្មី រួចហើយមានដេរច្រើនបាណាស់នោះទេ។ បើអាវថ្មេកំណត់ប្រើរយៈពេល 15 ឆ្នាំ គឺយើងត្រូវការប្រើក្នុង 15 ឆ្នាំដោយគ្មានបានណាស់។ ក្នុងន័យនេះ លោកទេសរដ្ឋមន្ត្រីចង់បញ្ជាក់ថា , ក្រុមហ៊ុនហាន់ស៊ីញ ស្ថាបនាមិនមានគុណភាព ស្តង់ដាបច្ចេកទេស អាចនឹងធ្វើឲ្យផ្លូវជាតិក្លាយទៅជាមានស្រកានាគ ខូចគុណភាព ។ ដូច្នេះលោកចង់ឲ្យធ្វើតាមកិច្ចសន្យា ព្រោះនេះជាប្រាក់កម្ចីរបស់រដ្ឋាភិបាលកម្ពុជាទៅរដ្ឋាភិបាលកូរ៉េ , សូមមេត្តាធ្វើឲ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស យើងមិនត្រូវការជួបគ្នាញឹកញាប់ទេ , បើ 10ឆ្នាំ , ឬ 15 ឆ្នាំ យើងអាចជួបគ្នាម្ដងនោះទើបត្រឹមត្រូវ ព្រោះកម្ពុជាត្រូវការកំណត់គុណភាពក្នុងរង្វង់ ១០ឆ្នាំ ទៅ ១៥ឆ្នាំ ៕
ដោយ : សុខ ខេមរា