ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារទី២៦ ខែមេសា ឆ្នាំ២០២២នេះថា៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីបង្កហេតុដោយក្រុមបាតុករខុសច្បាប់ អតីតបុគ្គលិកណាហ្គាវើល បានរុញច្រានមកលើសមត្ថកិច្ចនៅពេលដែលសមត្ថកិច្ចកំពុងធ្វើការសម្របសម្រួលហៅឱ្យឡើងរថយន្ត បែរជាក្រុមបាតុករនោះមិនព្រមស្តាប់ការណែនាំ ថែមទាំងបង្កអំពើហឹង្សាមកលេីសមត្ថកិច្ចជាស្ត្រីបណ្តាលឱ្យរបួសត្រូវក្បាល ស្មា និងខ្នង។
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១១ និងនាទីព្រឹក លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង ទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារយេនឌ័រ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន១លានរៀល ដែលជាថវិការបស់ឯកឧត្តមផ្ទាល់ ចុះសួរសុខទុក្ខ លោកស្រីវរសេនីយ៍ទោ ខុន សម្បត្តិ នាយរងការិយាល័យ ផ្សព្វផ្សាយអប់រំ ដែលត្រូវបានក្រុមបាតុករខុសច្បាប់ អតីតបុគ្គលិកណាហ្គាវើល រុញច្រានអិបនឹងរថយន្ត រហូតដួលទៅលើដី បណ្ដាលឱ្យសន្លប់និងរងរបួស កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង ១៤ និង៤០នាទី៕ដោយ៖អារុណរះ