ខេត្តរតនគិរី៖ រឿងហេតុអាស្រូវដែលទទួលរងការរិៈគន់ពីមជ្ឈដ្ឋានមន្ត្រីរាជការ ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីនូវករណីចោរចូលលួចឱសថក្នុងមន្ទីរពេទ្យបង្អែកខេត្តកាលពីវេលាម៉ោង១រំលងអធ្រាតថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបើកការស្រាវជ្រាវស៊ើបអង្កេតវែកមុខរកឃើញហើយ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានជាប់ពាក់ព័ន្ធទៅនឹងបុគ្គលិកមិនតិចជាង៣នាក់ ហើយក្នុងចំណោមបីនាក់មានម្នាក់ដែលគេស្គាល់ថាជាកូនប្រសារលោក ស៊ឹម សនឡៃ អតីតប្រធានមន្ទីរសុខាភិបាលខេត្ត បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្ត និងជាម្ចាស់ផ្ទះសំណាក់ រតនៈស្កាយអ៊ីន ព្រមទាំងម្ចាស់លក់ឱសថ ពន្លឺសុខភាព ក្រុងបានលុងផងដែរ។
សូមបញ្ជាក់ថា បើទោះបីបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តចាប់បានក្តី ប៉ុន្តែមិនត្រូវសមត្ថកិច្ចប៉ូលិសឲ្យអ្នកយកពត៌មានក្នុងខេត្តថតរូបជនសង្ស័យមកធ្វើការចុះផ្សាយនោះទេ សូម្បីឈ្មោះក៏មិនត្រូវប៉ូលិសប្រាប់ឲ្យស្គាល់នោះដែរ គឺមានការលាក់បាំងព័ត៌មានជាទីបំផុតទាំងសាម៉ីខ្លួន អង្គភាពមន្ទីរសុខាភិបាល និងលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តផងដែរ ដោយសួរមូលហេតុរុញពីមួយទៅមួយ រីឯខាងប៉ូលិសក៏ដូច្នេះដែរ ដោយរុញឲ្យអ្នកយកព័ត៌មានយើងសួរទៅតុលាការ។ ដូច្នេះនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ក្រោយពីតុលាការបញ្ចប់និតិវិធី ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ប៉ុន្តែពុំដឹងថាសំណុំរឿងនេះស្ថិតនៅលើព្រះរាជអាជ្ញារូបណា និងចៅក្រមចាត់ការនោះទេ ព្រោះអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ។
ដោយឡែកនៅរសៀលនោះដែរលោក សួស ឡា ប្រធានសាលាដំបូងខេត្តបានដឹកនាំស្ថាប័នជំនាញនៃមន្ទីរសុខាភិបាលខេត្តចុះធ្វើការឆែកឆេរផ្ទះជនសង្ស័យដកហូតបានបរិក្ខាពេទ្យ និងថ្នាំពេទ្យបានមួយចំនួន ប៉ុន្តែមិនត្រូវលោកមន្ទីរសុខាភិបាលឲ្យថតនោះទេ៕
ដោយ៖ វុទ្ធឦសាន្ត
...