អន្តរជាតិ៖ លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃពុធទី២៧ ខែមេសា ឆ្នាំ២០២២នេះ ត្រូវតុលាការមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំចំពោះការប្រព្រឹត្តអំពើពុករលួយ។
លោកស្រី អ៊ុងសាន ស៊ូជី ក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំមុន ហេីយត្រូវបានទម្លាក់ចេញពីតំណែង និងជាប់ឃុំបានបដិសេធការចោទប្រកាន់ដែលថាលោកស្រីបានទទួលសំណូកជាមាសនិងប្រាក់រាប់សែនដុល្លារពីសហការីនយោបាយម្នាក់។ ចំណែកទោសអតិបរមាចំពោះបទល្មើសដូច្នេះត្រូវជាប់គុក១៥ឆ្នាំនិងពិន័យប្រាក់។
ជាមួយគ្នានោះ អ្នកគាំទ្រលោកស្រី អ៊ុងសាន ស៊ូជី រួមទាំងអ្នកជំនាញការច្បាប់ឯករាជ្យបានថ្កោលទោសការកាត់ទោសនេះថា៖ មិនត្រឹមត្រូវនិងត្រូវបានរៀបចំឡើងដើម្បីដកស្ត្រីវ័យ៧៦ឆ្នាំរូបនេះចេញពីនយោបាយ។តាមពិតលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសដាក់គុកប្រាំមួយឆ្នាំម្តងមកហើយចំពោះករណីចោទប្រកាន់ផ្សេង។
ដោយឡែកជុំវិញករណីនេះដែរព័ត៌មានអំពីការកាត់ទោសនេះចេញមកពីមន្ត្រីច្បាប់ម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណដោយសារលោកមិនបានការអនុញ្ញាតឱ្យទម្លាយព័ត៌មានដូច្នេះ។សវនាការលើលោកស្រីស៊ូជីត្រូវបានធ្វើឡើងនៅទីក្រុងណៃពីដោរដោយមិន
អនុញ្ញាតឱ្យសាធារណជនឬអ្នកកាសែតចូលស្តាប់ទេ។
គួរជម្រាបដែរថា អតីតមេដឹកនាំមីយ៉ាន់ម៉ាវ័យ៧៦ឆ្នាំរូបនេះ ត្រូវបានកាត់ទោសឱ្យជាប់គុក៦ឆ្នាំរួចជាស្រេចហើយចំពោះការចោទប្រកាន់ផ្សេងៗ រួមមានការញុះញង់ រំលោភច្បាប់កូវីដ-១៩ និងនាំចូលវិទ្យុទាក់ទងខុសច្បាប់ ជាការចោទប្រកាន់ដែលពួកអ្នកសង្កេតការណ៍និយាយថាត្រូវបានរៀបចំឡើងដើម្បីឱ្យអ្នកនយោបាយជើងចាស់រូបនេះចេញពីឆាកនយោបាយ៕ដោយ៖ស តារា
រូបភាព៖ឯកសារ