ភ្នំពេញ៖យ៉ាងហោចណាស់មានបណ្តាប្រទេស៥នៅក្នុងតំបន់អាស៊ីដែលខ្សែភាពយន្តខ្មែរខ្នាតធំរឿង «ប៉ុបពីទៅហូលីវូដ» (Poppy Goges To Hollywood) នឹងចាក់បញ្ចាំង។ ខ្សែភាពយន្តបែបកំប្លែងដែលចំណាយការផលិតអស់ជិត១០ម៉ឺនដុល្លារអាមេរិកនេះក៏នឹងត្រូវបានគេរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកទស្សនាក្នុងនិងក្រៅប្រទេស។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា នេះ នៅក្នុងកម្មវិធីសន្និសីទសាព័ត៌មានមួយនៅក្នុងសណ្ឋាគារ Arthur &Paul ក្រោមការចូលរួមពីសំណាក់ផលិតករដៃគូសហការផលិត ក្រុមហ៊ុនឧបត្ថម្ភ និងសិល្បករជាច្រើនរូប។ នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital លោក ជី សិលា បានបញ្ជាក់ថា ការសម្រេចចិត្តចូលរួមឧបត្ថម្ភភាពយន្តមួយនេះព្រោះតែភាពយន្តនេះមានភាពរស់រវើកនៃអត្ថបទរឿងដែលនិងនាំមកនូវការវិត្តថ្មីមួយក្នុងវិស័យភាពយន្តកម្ពុជា។
លោកបញ្ជាក់ថា តាមរយៈក្រុមហ៊ុនក៏មានក្រុមហ៊ុនមួយក្រុមហៅថា Puprum Entertainment ដែលបង្កើតឡើងដើម្បីជំរុញផ្សព្វផ្សាយការផលិតខ្សែភាពយន្តហើយក៏នឹងជួយជំរុញទំនាក់ទំនងការនាំខ្សែភាពយន្តខ្មែរចេញទៅដាក់បញ្ចាំងនៅលើទីផ្សារបរទេសផងដែរ។
លោកបញ្ជាក់ទៀតថា ដោយសារគុណភាព និងការទាក់ទាញប្លែករបស់ខ្សែភាពយន្តនេះបែបនេះនៅអាស៊ីហាកមានតិចតួចទើបបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីមានការចាប់អារម្មណ៍។ លោកថា នៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសឡាវនឹងចាប់ផ្តើមចាក់បញ្ចាំងដំណាលគ្នានៅកម្ពុជាចាប់ពីថ្ងៃទី៥ខែឧសភានេះ ហើយសម្រាប់បណ្តាប្រទេស៣ផ្សេងទៀតដូចជាទីម័រខាងកើត វៀតណាម និងភូមា នឹងត្រូវចាក់បញ្ចាំងនៅពេលដ៏ខ្លីខាងមុខនេះព្រោះតែត្រូវរៀបចំឯកសារមួយចំនួនដើម្បីចាក់បញ្ចាំងនៅរោងភាពយន្តទាំងនោះ។ លោកថាវានឹងក្លាយជាឱកាសដ៏ល្អដើម្បីឲ្យខ្សែភាពយន្តកម្ពុជាជ្រៀតចូលក្នុងទីផ្សារក្រៅប្រទេសហើយលោករំបឹងថានឹងមានខ្សែភាពយន្តមួយចំនួនទៀតដែលមានគុណភាពនឹងអាចហក់ចូលទីផ្សារក្រៅប្រទេសបានដូចគ្នានឹងខ្សែភាពយន្តខាងលើនេះ។
អ្នកដឹកនាំរឿង និងជាចាងហ្វាងផលិតកម្ម 802AD លោក សុខ វិសាល បានឲ្យដឹងថា រឿង «ប៉ុបពីទៅហូលីវូដ» គឺជារឿងដែលនិយាយអំពីមនុស្សភេទទី៣មួយក្រុមដែលត្រូវបានសង្គមរើសអើង លាយឈុតឆាកកំប្លែង និងមនោសញ្ចេតនាស្រស់បំព្រង ហើយចុងបញ្ចប់នៃសាច់រឿងដោយពុទ្ធិ ជំរុញឲ្យសង្គមទទួលស្គាល់និងរាប់អានក្រុមមនុស្សភេទទី៣តាមរយៈការតស៊ូអត់ធ្មត់របស់ពួកគេ។ ផលិតកររឿង «គ្រាប់ពេជ្រ» រូបនេះបន្តថា បន្ថែមលើជីវិតរបស់ក្រុមមនស្សភេទ៣រឿងនេះក៏នឹងបង្ហាញពីការលើកកម្ពស់តម្លៃស្រ្តី និងសមភាពយេនឌ័រក្នុងសង្គមផងដែរ គួររំលឹកដែរថា ខ្សែភាពយន្តរឿង «ប៉ុបពីទៅហូលីវូដ» ត្រូវបានសរសេររឿងដោយលោក Michael Hodgson និងលោក Richard Finn Johnston ដែលជាជនបរទេសរស់នៅកម្ពុជាអស់រយៈពេល៩ឆ្នាំមកហើយនឹងបានស្វែងយល់ពីជីវិតក្រុមភេទទី៣ផងដែរ។
រឿងនេះត្រូវបានដឹកនាំរឿងដោយលោក សុខ វិសាល សហការផលិតដោយផលិតកម្ម 802AD ក្រុមហ៊ុន Sabay និងផលិតកម្មរ៉ុក។ តារាដែលចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះមានដូចជាកញ្ញា ឌុច លីដា, លោក អ៊ុន សុទ្ធា, កញ្ញា ប៉ុបពី, លោក ប៉ីប៉ីឌី, នាយសានម៉ៅ, លោក ភីម៉ៃ ជាដើម៕
ដោយ៖ វឌ្ឍនា