ភ្នំពេញៈ នាព្រឹកថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្រ្តី បានអនុញ្ញាតិអោយលោក ហ្វីលីព ម៉ូណាំង នាយកគ្រប់គ្រង នៃក្រុមហ៊ុនស្យាតនៅកម្ពុជា បានចូលពិភាក្សាការងារទាក់ទងទៅការអភិវឌ្ឍដំណាំកៅស៊ូ និងការផ្តល់ភាពទុកចិត្តពីអ្នកទិញ តាមរយៈការនាំចេញកៅស៊ូកម្ពុជា ។ ការពិភាក្សាផ្តោតទៅលើ៖
1) បង្កើនសមត្ថភាពផលិតកៅស៊ូគ្រួសារ ទាំងទិន្នផល និងគុណភាព
2) ពិនិត្យមើលទៅលើការធ្វើកំណែទម្រង់នៃការគ្រប់គ្រង និងដឹកនាំរបស់សមាគមន៍កៅស៊ូនៅកម្ពុជា ដោយបង្កើនជំនឿទុកចិត្តពីអ្នកទិញ ប្រកបដោយគុណភាព
ក្នុងការពិភាក្សានេះ លោករដ្ឋមន្រ្តី បានស្នើទៅលោក ហ្វីលីព ម៉ូណាំង បន្ត៖
1) គិតគូ និងវាយតម្លៃអោយបានត្រឹមត្រូវនាពេលខាងមុខ ចំពោះមុខរបរដាំដំណាំកៅស៊ូគ្រួសារនៅកម្ពុជា តើនឹងមានហានីភ័យ និងការប្រឈមអ្វីខ្លះ ទាក់ទងទៅនឹងប្រាក់ចំណូលដែលទទួលបានពីផលិតផលកៅស៊ូ និងការឈានឡើងនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ។
2) ជួយផ្តល់ការគាំទ្របច្ចេកទេសបន្តទៀត តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ទីភ្នាក់ងារបារាំង លើការធ្វើកំណែទម្រង់កៅស៊ូនៅកម្ពុជា ដោយត្រូវបង្កើនការផ្តល់ជំនឿទុកចិត្តពីអ្នកទិញនៅទីផ្សារកៅស៊ូអន្តរជាតិ
3) គិតគូជួយដល់សមាគមកៅស៊ូកម្ពុជា ដោយគួរជ្រើសរើសប្រធានចាត់ចែងសមាគមកៅស៊ូ ជាមនុស្សដែលមានបទពិសោធន៍យ៉ាងប៉ិនប្រសប់ ទាក់ទងទៅការនាំចេញកៅស៊ូកម្ពុជា និងមិនប្រកាន់និន្នាការទាក់ទងទៅនឹងអ្នកផលិតកៅស៊ូ
4) ការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសលើការនាំចេញ ជាពិសេសអ្នកវិនិយោគទុនបារាំង ។
លោក ហ្វីលីព ម៉ូណាំង បានសន្យាថានឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីជួយដល់កម្ពុជាទាក់ទងទៅនឹងកៅស៊ូនេះ ៕
សុខ ខេមរា