ភ្នំពេញ៖ កម្លាំងផ្នែកការងារសន្តិសុខ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានសហការជាមួយនឹងមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា រួមជាមួយកម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការបង្ក្រាបករណីលក់
ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ នៅចំណុចមុខរបងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតលើចិញ្ចើមផ្លូវលេខ២៧១ ជិតកែងផ្លូវលេខ១៨៣ ក្នុងភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះសុខ ស្រីម៉ៅ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
វត្ថុតាងដកហូតមាន៖ ទូរស័ព្ទដៃសម្រាប់អាក់ធីវ, លេខទូរស័ព្ទពណ៌ស ម៉ាកសាប, ស៊ីមកាតចំនួន៣ប្រព័ន្ធ សរុប ទាំងអសល់២៤៧ស៊ីមកាត (ស៊ីមស្មាត ចំនួន១១៣ស៊ីមកាត, មែតហ្វូន ចំនួន៥៩ស៊ីមកាត, សែលកាត ចំនួន៧៥ស៊ីមកាត), សៀវភៅកត់ទិន្នន័យលក់ស៊ីមកាត, តារាងបញ្ជីរាយលេខទូរស័ព្ទ។
ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំស្ត្រីខាងលើបានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានលក់ស៊ីមទូរស័ព្ទទៅឱ្យប្រជាពលរដ្ឋដោយពុំបានយកអត្តសញ្ញាណប័ណ្ណពិតប្រាកដមែន ដោយលក់ឱ្យម្ចាស់ឈ្មោះ ប្រសើរ (ស្គាល់មិនច្បាស់)។ បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕ដោយ៖ស តារា