ប្រធានាធិបតីបារាំងទើបតែជាប់ឆ្នោតលើកទីពីរ លោកម៉ាក្រុងត្រូវពលរដ្ឋខឹងសម្បារហូតដល់គប់ផ្លែប៉េងប៉ោះទៅលើរូបលោក ក្នុងពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់ផ្សារមួយកន្លែងនៅជាយក្រុងប៉ារីស ។
ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី២៧ខែមេសា ក្នុងផ្សារស្ថិតនៅតំបន់ Cergy-Pointoise ភាគខាងជើងទីក្រុងប៉ារីស ប្រទេសបារាំង ដែលភាគច្រើនជាពលកររស់នៅ ។ ពលរដ្ឋរស់នៅក្នុងស្រុក Cergy-Pointoise ជាងពាក់កណ្តាលបានបោះឆ្នោតជូនបេក្ខភាពប្រឆាំង លោក Jean-Luc Mélenchon ក្នុងការបោះឆ្នោតជុំទីមួយ។
ក្នុងពេលដែលប្រធានាធិបតីម៉ាក្រុង កំពុងនិយាយទៅកាន់មហាជន មានពលរដ្ឋជ្រុលនិយមម្នាក់បានគប់ផ្លែប៉េងប៉ោះសំដៅទៅលើរូបលោក ប៉ុន្តែត្រូវបានក្រុមការពារទប់ស្កាត់បិទជិតរូបលោកប្រធានាធិបតី ។ ភ្លាមៗនោះ លោកម៉ាក្រុងក៏ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ។
មុនពេលជួបហេតុការខាងលើ លោកម៉ាក្រុងបានលើកឡើងថា «ខ្ញុំចង់ដឹងពីមតិរបស់មនុស្សម្នាក់ៗ ហើយខ្ញុំនឹងផ្សារភ្ជាប់ជាមួយពលរដ្ឋនៅក្នុងតំបន់ដែលជួបផលលំបាកជារៀងរាល់ថ្ងៃ៕ ដោយធីរីណា