កាលពីថ្ងៃទី២៧ខែមេសា រុស្ស៊ីបានសម្រេចបណ្តេញមន្ត្រីការទូត ជប៉ុនចំនួន៨រូបចេញពីប្រទេសរបស់ខ្លួន។ សកម្មភាពនេះគឺជាការតបតទៅលើជប៉ុនដែលបានសម្រេចបណ្តេញមន្ត្រីការទូតរុស្ស៊ីផងដែរ។
ក្រសួងការបរទេសរុស្ស៊ីបានស្នើដល់មន្ត្រីការទូតជប៉ុនទាំង៨រូបត្រូវតែចាកចេញពីប្រទេសរុស្ស៊ីឲ្យបានមុនថ្ងៃទី១០ខែឧសភា ។ ជាមួយគ្នានេះដែរ រុស្ស៊ីបានព្រមានពីគោលនយោបាយចងគំនុំរបស់ជប៉ុនធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរ។
កាលពីដើមខែមេសានេះ ជប៉ុនបានសម្រេចបណ្តេញមន្ត្រីការទូតរុស្ស៊ី៨រូបចេញពីទីក្រុងតូក្យូ ក្នុងពេលដែលសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងដល់សង្គ្រាមនៅអ៊ុយក្រែនដែលបានសម្លាប់ពលរដ្ឋស្លូតត្រង់។
នៅថ្ងៃទី២៧ខែមេសា ក្រសួងការបរទេសរុស្ស៊ី ក៏បានសម្រេច បណ្តេញមន្ត្រីការទូត៣រូបរបស់ប្រទេសន័រវែសផងដែរ ដែលជាការតបតទៅនឹងសកម្មភាពដូចគ្នារបស់ប្រទេសនោះមកលើរុស្ស៊ី៕ ដោយធីរីណា
រូបថត : KT