យើងរួមគ្នាការពារសត្វព្រៃកម្ពុជាដែលមានតម្លៃវិសេសវិសាលជាសកល!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា​ ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំងខណៈដែលពួកគេបានផ្តល់សេចក្តីរាយការណ៍ពីលទ្ធផលនៃការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតត្រឹមខែមេសានេះ ដោយបានបញ្ជាក់ពីវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។ លទ្ធផលនៃការតាមដានសត្វព្រៃក៏បានបង្ហាញផងដែរពីវត្តមាននៃពពួកសត្វក្រចកជើងចំពាមរួមមានសត្វប្រើសដែលជាប្រភេទសត្វកម្រ សត្វជ្រូកព្រៃ សត្វឈ្លូស ក៏ដូចជាសត្វស្លាប និងស្វាក្តាមផងដែរ។ 

ក្រសួង​បរិស្ថាន​ បានបន្តថា​ សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់ព្រៃទេសភាពខ្ពង់រាបភាគក្នុងប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុត។ 

បើទោះជាយ៉ាងនេះក្តី សត្វ​មំសាសី​ដ៏​កម្រ​បំផុតមួយប្រភេទ​នេះ​កំពុងបន្តទទួលរងការ​គំរាម​កំហែង​នឹង​ការ​ផុត​ពូជ​ដោយសារ​វិបត្តិ​អន្ទាក់ដែលបានរាលដាលឡើង​ដោយ​ការ​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់។ សត្វខ្លារខិនអាចប្រឈមមុខនឹងជោគវាសនាដូចគ្នានឹងសត្វខ្លាធំដែលបានផុតពូជទៅហើយ ដោយហេតុថាចំនួននៅសេសសល់ដ៏តិចតួចបំផុតរបស់វានៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការជាប់អន្ទាក់ដែលបានលាក់បង្កប់ខ្លួនយ៉ាងស្ងៀមស្ងាប់នៅក្នុងជម្រកព្រៃហើយរង់ចាំស្ទាក់ចាប់ និងសំលាប់សត្វគ្រប់ប្រភេទទាំងអស់រួមទាំងសត្វខ្លារខិន សត្វក្រចកជើងចំពាម និងសត្វព្រៃផ្សេងៗទៀតដោយមិនរើសមុខឡើយ។

ដើម្បីដោះស្រាយវិបត្តិនេះ តួអង្គសំខាន់ៗនៃស្ថាប័នរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានបើកយុទ្ធនាការ«អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា»កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយបានប្តេជ្ញាចិត្តរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print