ក្រសួង​បរិស្ថាន​៖​ «ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព»

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​៖​ «ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព»។ ការថ្លែងបែបនេះ​ បានធ្វេី​ឡើង​នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាទីស្ដីការក្រសួងបរិស្ថាន ខណៈ​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោកស្រី Timsin Ballard ប្រធានប្រតិភូនៃមូលនិធិ Biodiversity Landscape Fund (BLF) របស់ចក្រភពអង់គ្លេស ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការអនុវត្តគម្រោងក្រោមមូលនិធិ BLF នេះនៅប្រទេសកម្ពុជា។ 

លោកស្រី​ Timsin Ballard បានបញ្ជាក់នៅក្នុងជំនួបនេះថា៖​ មូលនិធិ BLF ផ្ដោតអាទិភាពលើការងារចំនួន ៣ គឺ ការកាត់បន្ថយភាពក្រីក្រ ការអភិរក្សជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ។ 

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់កម្ពុជា អាទិភាពអភិវឌ្ឍន៍ រួមមានការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍដោយចីរភាព ការពង្រឹងអភិបាលកិច្ច និងការពង្រីកច្រកពាណិជ្ជកម្ម ហើយកម្ពុជាស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ជាពិសេសការនាំចេញផលិតផលសហគមន៍មូលដ្ឋាន ដូចជា៖ អង្ករ (blueberry rice) ស្វាយចាន់ទី និងចេក ការលក់ឥណទានកាបូន និងការវិនិយោគលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ និងការអភិវឌ្ឍទេសចរណ៍។ ល្គឹកណាប្រជាសហគមន៍មូលដ្ឋាននៅតែប្រឈមនឹងភាពក្រីក្រ យើងមិនអាចនិយាយអំពីកិច្ចការអភិរក្សបានឡើយ។

លោកស្រី Timsin Ballard បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីថា អាទិភាពអភិវឌ្ឍន៍ទាំងនេះឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងគោលដៅ និងគោលបំណងរបស់មូលនិធិ BLF ហើយលោកស្រីនឹងជំរុញឱ្យមានការចុះអនុស្សរណៈនៃការយោគយល់រវាងចក្រភពអង់គ្លេស និងកម្ពុជា ដោយមានក្រសួងបរិស្ថានជាស្ថាប័នបង្គោល ក្នុងការអនុវត្តគម្រោងក្រោមមូលនិធិនេះ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print