ខេត្តកំពង់ស្ពឺ៖ ក្រុមការងារប្រឆាំងការសម្អាតប្រាក់និងប្រឆាំងហិរញ្ញប្បទានភេរវកម្មនៃក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មជូនមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងបរិស្ថានដោយមានការចូលរួមពីមន្រ្តីនគរបាលយុត្តិធម៌ មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជំនាញនៃក្រសួងបរិស្ថានជាច្រើនរូប។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា៖ វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងការអនុវត្តច្បាប់ទាក់ទងនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។ លោក នេត្រ ភក្ត្រា បានថ្លែងបន្តថា៖ «ក្រៅពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិដែលប្រើប្រាស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថានត្រូវពិនិត្យលើសម្អាងបទល្មើសដែលអាចពន្លាតដល់ការអនុវត្តច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិ ក្នុងករណី មានតម្រុយដែលឈានដល់ការកសាងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់។
មន្ត្រីជំនាញផ្នែកច្បាប់ និងមន្ត្រីនៃក្រសួងបរិស្ថានបានធ្វើបទបង្ហាញជូនសិក្ខាកាមជាបន្តបន្ទាប់ពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម គោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងបានចែករំលែកបទពិសោធការងារពាក់ព័ន្ធនឹងការចងក្រងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់នាពេលកន្លងទៅ។
លោករដ្ឋលេខាធិការបានជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ត្រូវយកចិត្តទុកដាក់បន្តអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕ដោយ៖ស តារា