នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson នៅថ្ងៃទី២៨ខែមេសា បានប្រកាសថា រដ្ឋាភិបាលរបស់លោកស្រីមិនមានគម្រោងបោះឆ្នោតប្រជាមតិចូលជាសមាជិកណាតូនោះឡើយ។ ទោះជាសភារបស់ខ្លួនសម្រេចចិត្តដំណើរការការស្នើសុំចូលជាសមាជិកអង្គការណាតូ (NATO) ជាផ្លូវការក៏ដោយ។
ការបញ្ជាក់របស់លោកស្រី អាន់ឌែសសុន ធ្វើឡើងខណៈដែលសភាស៊ុយអែតកំពុងពិនិត្យលើគោលនយោបាយសន្តិសុខ ជាមួយនឹងរបាយការណ៍ស្តីពីការចូលជាសមាជិកអង្គការ NATO ដែលបានគ្រោងទុកនៅពាក់កណ្តាលខែឧសភាខាងមុខ។ ប៉ុន្តែព្រមពេលជាមួយគ្នានោះ គណបក្សសង្គមប្រជាធិបតេយ្យ របស់លោកស្រីផ្ទាល់ក៏កំពុងពិចារណាផងដែរថា តើត្រូវទម្លាក់ចោលការជំទាស់របស់ពួកគេជុំវិញសមាជិកភាពរបស់ស៊ុយអែតនៅឯអង្គការ NATO ដែរឬយ៉ាងណា ខណៈដែលគណបក្សនេះកន្លងមកតែងតែប្រកាន់ជំហរជំទាស់នឹងការចូលជាសមាជិកបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន លោកស្រី អាន់ឌែសសុន បានគូសបញ្ជាក់ថា «ការធ្វើប្រជាមតិ គឺជាគំនិតដ៏ខុសឆ្គងមួយ, ខ្ញុំគិតថាបញ្ហា គឺនៅចំពោះមុខ និងមិនចាំបាច់ត្រូវការការធ្វើប្រជាមតិនោះទេ»។ លោកស្រីបានបន្ថែមថា «ព័ត៌មានជាច្រើនអំពីសន្តិសុខជាតិ គឺជាការសម្ងាត់ ដូច្នេះវាមានបញ្ហា សំខាន់ដែលមិនអាចយកមកធ្វើប្រជាមតិបាន និងការណ៍ពិតមួយចំនួនដែលមិនអាចយកមកដាក់លើតុពិភាក្សាបាន»។
ប្រតិបត្តិការយោធារបស់រុស្ស៉ីដែលលោកខាងលិចហៅថាជាការឈ្លានពានលើអ៊ុយក្រែន បានបង្ខំឱ្យទាំងស៊ុយអែត និងហ្វាំងឡង់ ពិនិត្យឡើងវិញនូវគោលនយោបាយជាយូរមកហើយថា អព្យាក្រឹតភាពយោធាគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការធានាសន្តិសុខជាតិ ដោយប្រទេសទាំងពីររំពឹងថានឹងធ្វើការសម្រេចចិត្តនាប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីចូលជាសមាជិករបស់អង្គការ NATO៕ ដោយធីរីណា
រូបថត : AFP