ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង លោកស្រី ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តត្រពាំងអំពិល ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង ០១ខ្សែប្រវែង៥,០០០ ម៉ែត្រតភ្ជាប់រវាងឃុំពីរ គឺឃុំជ្រៃវៀន និងឃុំតុងរ៉ុង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីក្រុមការងារថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្ត កងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងស្រុក សមាជិក សមាជិកាពាក់ព័ន្ធជុំវិញស្រុក ព្រះសង្ឃ លោកតា លោកយាយ ប្រជាពលរដ្ឋ រួមនឹងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងផ្តល់ជូននូវលិខិតថ្លែងអំណរគុណជូនដល់មន្រ្តីរាជការ និងសប្បុរសជនដែលបានខិតខំចូលរួមចំណែកថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិឱ្យកាន់តែមានការរីកចម្រើន។ លោកក៏បានបន្តចែកអំណោយជូនលោកតាលោកយាយ សិស្សានុសិស្ស និង សមាជិកសមាជិកាដែលបានចូលរួមផងដែរ ៕
ដោយ៖អ្នកប្រមាញ់