ប្រទេសថៃ៖ ក្រុមអ្នកសារព័ត៌មាន៥ប្រទេសមានដូចជា កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី បានមកទស្សនាកិច្ចនៅតំបន់ The Place We Stand នៅទីក្រុមប៉ាទីយ៉ា នៃប្រទេសថៃ កាលពីដើមសប្តាហ៍នេះ។ កម្មវិធីទស្សនាកិច្ចនេះធ្វើឡើងដោយក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សំណង់លំដាប់នាំមុខមួយនៅតំបន់អាស៊ី។
តំបន់ The Place We Stand គឺត្រូវបានកសាងឡើងដោយមានការឧបត្ថម្ភពីក្រុមហ៊ុន SCG ក្រោមការរចនាប្លង់ពីបណ្តាស្ថាបត្យករល្បីៗរបស់ប្រទេសថៃ។
ក្នុងនោះមានកន្លែងដូចជា បណ្ណាល័យសំរាប់អានសៀវភៅ “Live For Reading Room”រចនាដោយស្ថាបត្យករ Duangrit Bunnag គឺជាទីកន្លែសម្រាប់មហាជនចូលអានសៀវភៅឯកសារជាច្រើនប្រភេទដើម្បីការពង្រីកចំណេះដឹងរបស់មហាជនទូទៅ ជាមួយនឹងសំឡេងធម្មជាតិ ពិសេសសំឡេងទឹករលកសមុទ្រនិងខ្យល់ត្រជាក់បក់មកពីតំបន់មាត់សមុទ្រផងដែរ។ការរចនាប្លង់នៃសំណង់បណ្ណាល័យនេះត្រូវបានប្រើប្រាស់ដោយវត្ថុធាតុដើមនៃគ្រឿងសំណង់របស់ក្រុមហ៊ុនSCGដែលផ្តល់ទាំងពន្លឺ ផាសុខភាពសម្រាប់អ្នកអានជាមួយនឹងភាពរឹងមាំផងដែរ។ ផ្នែកទី២នៃតំបន់ខាងលើគឺមណ្ឌលពហុប្រយោជន៍”The Flow”ដែលកសាងឡើងដោយស្ថាបត្យករ”Twitee Vajrabhaya Teparkunដែលជាកន្លែគយគន់ទស្សនីយភាពស្រស់ត្រកាលនៃមាត់សមុទ្រហើយវាក៏ជាវេទិការ និងជាជាឆាកតូចមួយផងដែរ ។ ទាំងផ្នែកទីតាំងអង្គុយ និងដំបូងសុទ្ធតែប្រើប្រាស់នូវវត្ថុធាតុដើមរបស់ក្រុមហ៊ុនSCG ហើយ”The Flow”ក៏ធ្លាប់បានឈ្នះពានរង្វាន់ពីBlueprint Awards 2015នៅចក្រភពអង់គ្លេស និងពានWAF Awards ពីប្រទេសសិង្ហបុរីផងដែរ។ តំបន់ចុងក្រោយគឺ ទីលានសម្រាប់ក្មេងៗ និងមនុស្សជំទង់កម្សាន្ត និងធ្វើការហាត់ប្រាណរួមជាមួយគ្នាឈ្មោះថា”The Labyrinth”។ ទីលាននេះត្រូវបានសាងសង់ដោយយកចិត្តទុកដាក់ជាមួយនឹងសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ដោយការប្រើប្រាស់វត្ថុធាតុដើមរបស់SCG ហើយទីលាននេះទទួលបានពានAR Emerging Architecture Awards 2015 ពីចក្រភពអង់គ្លេសផងដែរ។
ក្រៅពីដំណើរទស្សនកិច្ចនៅតំបន់ខាងលើនេះ ក្រុមបណ្តាញសារព័ត៌មានមកពីបណ្តាប្រទេសទាំង៥ក៏បានរួមគ្នាស្វែងយល់ពីការងារ ទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមកផងដែរ។
គួរបញ្ជាក់ផងដែរថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសងត្រឡប់ទៅកាន់សង្គមរបស់ក្រុមហ៊ុនSCGនេះត្រូវបានគេដឹងថាធ្លាប់បានធ្វើឡើងនៅតាមបណ្តាប្រទេសដែលក្រុមហ៊ុននេះបើកប្រតិបត្តិការលក់។ នៅកម្ពុជាកន្លងមកក្រុមហ៊ុនធ្លាប់បានចូលរួមចំណែកជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ការជួយជំរុញឲ្យមានភាពប្រសើរឡើងនៃផ្នែកធនធានមនុស្ស តាមរយៈការផ្តល់អាហាររូបករណ៍សិក្សា ការបង្កើតបរិយាកាសប្រកួតកីឡាដើម្បីមិត្តភាពជាដើម៕
ដោយ៖ វឌ្ឍនា