ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក សហការជាមួយកម្លាំងយោធាបានចុះល្បាតត្រួតពិនិត្យការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងត្រួតពិនិត្យពលរដ្ឋឆ្លងដែននិងមេខ្យល់នាំពលករ ចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ការចុះល្បាតនេះដែរ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់ឱ្យនាយប៉ុស្តិ៍ប្រចាំការនៅជួរមុខចំនួនពីរប៉ុស្តិ៍ ត្រៀមកម្លាំងចេញល្បាតនៅពេលយប់រួមមាន ៖
១ -កម្លាំងប៉ុស្តិ៍តាសែនចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ស៊ីម លីន នាយរងប៉ុស្តិ៍
២-កម្លាំងប៉ុស្តិ៍អូរដាចំនួន៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ធូ មករា នាយរងប៉ុស្តិ៍ បានសហការជាមួយកងកម្លាំងវរ:ចំណុះឱ្យកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ កម្លាំងកងល្បាតចំណុះ វរ:ការពារព្រំដែនលេខ៥០៤ និងកម្លាំងផ្នែកសឹករងស្រុក បានចុះល្បាតត្រួតពិនិត្យនៅព្រំដែនដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនិងក្តាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្ររបស់ប៉ុស្តិ៍ទទួលខុសត្រូវ ហើយជាលទ្ធផលពិនិត្យឃើញថាពុំមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ឡើយ៕
ដោយ ៖ សិលា