ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាគណធិបតី ក្នុងកម្មវិធីបើកការប្រកួត National Economics Olympiad ២០២២ នៅសាលា Singapore Cambodia International Academy (SCIA) ។ កម្មវិធីបើកការប្រកួតនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ នាយកសាលា SCIA លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅសាលា SCIA។
សូមបញ្ជាក់ថា សាលា SCIA បានរៀបចំឱ្យការប្រកួត National Economics Olympiad ២០២១ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលក្នុងនោះសិស្សសាលា SCIA ក៏បានទៅប្រកួតនៅថ្នាក់អន្តរជាតិផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់សាលា SCIA ក្នុងឱកាសខួបលើកទី៥ នៃសាលា SCIA ដែលបានផ្ដល់ការអប់រំមួយដែលមានគុណភាពខ្ពស់ និងលើកស្ទួយវិស័យអប់រំនៅកម្ពុជា។
ការប្រកួត National Economics Olympiad ២០២២នេះ បានសង្កត់ធ្ងន់ទៅលើជំនាញទាក់ទងទៅនឹងគណិតវិទ្យា សេដ្ឋកិច្ច និងជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសផ្ដល់ឱកាសឱ្យសិស្សានុសិស្សចាប់យកជំនាញផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារក្នុងពេលអនាគត៕
ដោយ ៖ សិលា