ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវអំនាវ ដល់កម្មករកម្មការិនីទាំងអស់នៅខេត្តស្វាយរៀង សូមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណា ដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ ជាពិសេសបានបង្កើតរោងចក្រសហគ្រាស អាចស្រូបយកកម្មកររាប់ម៉ឺននាក់ កំពុងបម្រើការងារ បង្កើនប្រាក់ចំណូល ជីវភាពធូរធារបានមួយកម្រិតទៀតផងដែរ។
ការថ្លែងរបស់អភិបាលរងខេត្តស្វាយរៀង បែបនេះបានធ្វើឡើងនៅក្នុង ពិធីសំណេះសំណាលជាមួយ កម្មករកម្មការិនីប្រមាណជិត ២០០នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០២២ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាធេន ក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីនេះក៏មានការចូលរួមពី មន្ទីរដែលពាក់ព័ន្ធនិងមន្ត្រីដែលពាក់ព័ន្ធ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនផងដែរ។
លោក រស់ ផារិទ្ធ បានបន្តថាទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យ ពូជសាសន៍ប៉ុលពតថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ទោះបីឆ្នាំនេះប្រទេសជាតិយើង និងប្រទេសនានាក្នុងសាកលលោក កំពុងប្រឈមនឹងជំងឺរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូរមីក្រុង ក៏កម្ពុជានៅតែអាចបន្តទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីនេះ ព្រមទាំងនៅតែបន្តឲ្យមានការរៀបចំ រំលឹកនៅទិវាដ៏មានសារៈសំខាន់ ជាប្រវត្តិសាស្ត្រនេះក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាពជាក់ស្ដែងផងដែរ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរ យ៉ាងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ របស់កម្មករកម្មការិនី បានយ៉ាងច្រើនដូចជាកម្មករនិយោជិត ទទួលបានការពិនិត្យព្យាបាល ជំងឺដោយមិនបង់ប្រាក់ កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០% នឹងឈប់សម្រាករយៈពេល ៣ខែក្នុងពេលសំរាលកូន និងបានផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មការិនី ក្រោយពេលសំរាលកូនដោយផ្ដល់ជូនកូន ១នាក់នូវថវិកា៤០ ម៉ឺនរៀល កូន២នាក់ថវិកា៨០ ម៉ឺនរៀលនិងកូន៣ នាក់ថវិកា ១.២០០.០០០រៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពីសម្ដេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ផ្ទាល់និងនិយោជក បានបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ១០០% ជំនួសកម្មករនិយោជិតជាដើម។
លោកបានបន្តថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់អាទិភាពខ្ពស់ណាស់ សម្រាប់កម្មករ កម្មការិនី គឺសម្ដេចបានណែនាំឲ្យ ក្រុមការងារចាក់វ៉ាក់សាំង ពិសេសគណៈកម្មការចំពោះកិច្ច ត្រូវយកវ៉ាក់សាំងនេះចាក់ជូនកម្មករ កម្មការិនី ដល់ក្នុងរោងចក្រផ្ទាល់តែម្ដង។ ក្រៅពីការយកចិត្តទុកដាក់គិតគូរ ដល់សុខមាលភាពកម្មករ កម្មការិនីហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរៀបចំ ចាក់វ៉ាក់សាំងនៅតាមទីផ្សារ និងគ្រឹះស្ថានសិក្សាអប់រំផ្សេងៗផងដែរ សំដៅធ្វើយ៉ាងណាឲ្យភាពស៊ាំ សហគមន៍កាន់តែរឹងមាំបន្ថែមទៀត គ្រាដែលរាជរដ្ឋាភិបាលបាន ដកចេញនូវកាតព្វកិច្ចមួយចំនួន ពិសេសកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។
លោក រស់ ផារិទ្ធ ក៏បានអំពាវនាវដល់កម្មករ កម្មការិនីដែរត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤ឲ្យបានគ្រប់ៗគ្នាដើម្បីមានភាពស៊ាំ នៅក្នុងសហគមន៍របស់យើង។
សូមបញ្ជាក់ថានៅក្នុងពិធី សំណេះសំណាលនេះក៏មានជូន នូវវត្ថុអនុស្សាវរីយ៍មានសារ៉ុង និងថវិកាមួយចំនួនដល់កម្មករកម្មការិនី ដែលបានចូលរួមផងដែរ ៕
ដោយ៖ យឹម សុថាន