ខេត្តប៉ៃលិន៖ គួរឱ្យអាណោចអាធ័មណាស់លោកអេីយ! ព្រោះតែធ្វេសប្រហែសមួយភ្លែត បណ្ដាលឱ្យកុមារាម្នាក់ អាយុទេីបជាង១ឆ្នាំ បានលង់ទឹកស្លាប់នៅក្នុងធុងជ័រខាងក្រៅផ្ទះ ខណៈឪពុកម្តាយទៅធ្វើការងារនៅក្រុងបាវិត ខេត្តស្វាយរៀង ដេីម្បីចិញ្ចឹមគ្រួសារ ដោយទុកកូនឱ្យរស់នៅជាមួយនឹងលោកយាយលោកតាភ្លេចខ្លួនមួយភាំង ស្រាប់តែក្មេងប្រុសតូចម្នាក់នេះ អោនក្បាលចូលទៅក្នុងធុងជ័រមានទឹកតែម្តង។
ករណីខាងលើនេះ បានកេីតឡេីងនៅកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២នេះថា៖ សពក្មេងរងគ្រោះឈ្មោះ ឡាយ មួយ ភេទប្រុស អាយុ០១ឆ្នាំ០៨ខែ មានទីលំ នៅបច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ។
របាយការណ៍ដដែល បានបន្តថា មុនពេលកើតហេតុយាយរបស់ក្មេងរងគ្រោះបានសម្រាកនៅខាងមុខផ្ទះ ដោយចាំយាមចៅមិនឱ្យចេញទៅខាងក្រៅរបង។ ចំណែកឯលោកតាវិញ កំពុងដេកនៅខាងក្នុងផ្ទះ មិនឱ្យចៅរើកកាយសម្ភារក្នុងផ្ទះ ខណៈនោះពួកគាត់ភ្លេចខ្លួនមួយភ្លែត ស្រាប់តែចៅបានចេញទៅលេងធុងជ័រដាក់ទឹកខាងក្រៅផ្ទះ បណ្ដាលឱ្យធ្លាក់ក្បាលចូលក្នុងធុងទឹកស្លាប់តែម្តង។
ក្រោយកេីតហេតុ កម្លាំងនគរបាលជំនាញ បានចុះធ្វេីកោសល្យវិច័យនៅកន្លែងកើតហេតុ រួចបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
បច្ចុប្បន្ន សពត្រូវបានគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅភូមិ-ឃុំ ខាងលើ៕
ដោយ៖អារុណរះ