ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហាញពីផ្លាកសញ្ញាកន្លែងចតយានជំនិះ (PARKING AREA)៖ ផ្លាកសញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកបើកបរអំពីទីកន្លែងអនុញ្ញាតឱ្យចតយានជំនិះ។ ករណីប្រសិនបើចង់កំណត់ចំណតសម្រាប់ប្រភេទណាមួយ ត្រូវដាក់សញ្ញាបន្ថែមពីក្រោមសម្រាប់យានយន្តប្រភេទនោះ។
ការសហការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ ឬករណីផ្លូវថ្នល់មានជង្ហុកសំបុកមាន់បានជួយសម្រួលការងារមន្រ្តីជំនាញក្នុងការទទួលបានព័ត៌មានកាន់តែរហ័ស ដែលជួយជំរុញចាត់វិធានការជួសជុលបានទាន់ពេលវេលា។
ដោយឡែកកាលពីម្សិលមិញនេះ ក្រសួង ក៏បានអំពាវនាវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដោយស្វែងយល់ពីឈ្មោះ និងរបៀបប្រើប្រាស់សញ្ញាចរាចរណ៍ខាងដូចមានខាងក្រោមនេះ៖
១. ផ្លាកសញ្ញាតម្រូវងាកស្ដាំ (KEEP RIGHT)៖ ផ្លាកសញ្ញានេះតម្រូវឱ្យយានជំនិះគ្រប់ប្រភេទបើកបរងាក ឬវាងទៅស្ដាំ។
២. សញ្ញាបង្ហាញឧបសគ្គ នៅលើទ្រូងផ្លូវ OBJECT MARKER (AT CENTER)៖ សញ្ញានេះប្រើសម្រាប់បង្ហាញអ្នកបើកបរប្រុងប្រយ័ត្ន មានឧបសគ្គនៅលើទ្រូងផ្លូវឯកទិស ដូចជាខឿន ឬសួនច្បារ។
បន្ថែមពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងស្នើសុំការសហការពីបងប្អូនក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ ឬករណីឃើញផ្លូវជង្ហុកសំបុកមាន់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕
ដោយ៖ស តារា