ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២នេះថា៖ អគ្គនាយកដ្ឋានភស្តុភារកម្ម តាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេសនៃមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ(MKCF) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង សម្រាប់ការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មនៅប្រទេសកម្ពុជា ព្រមទាំងកិច្ចសហការរវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម ក្រោមអធិបតិភាពលោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ដោយមានសិក្ខាកាមចូលរួមដោយផ្ទាល់ និងតាមរយៈវីឌីអូពីចម្ងាយសរុបប្រមាណ៦០នាក់។
ក្នុងនោះមានការចូលរួមដោយផ្ទាល់ពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ សមាគមភស្តុភារកម្មកម្ពុជា (CLA) សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា (CAMTA) និងស្ថាប័នពាក់ព័ន្ធនានា។ ព្រមទាំងមានការចូលរួមតាមរយៈវីឌីអូពីចម្ងាយពីអ្នកជំនាញអន្តរជាតិផ្នែកភស្តុភារកម្ម តំណាងវិទ្យាស្ថានមេគង្គ (Mekong Institute) ក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសឡាវ និងក្រសួងដឹកជញ្ជូន នៃប្រទេសវៀតណាម។
សិក្ខាសាលានេះដែរ បានរៀបចំឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ ក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាពមន្រ្តី និងស្ថាប័នពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជនអំពីការរៀបចំចងក្រង និងប្រមូលទិន្នន័យស្ថិតិមូលដ្ឋាន ព្រមទាំងការពង្រឹងសមត្ថភាពផ្នែកការរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មក្នុងប្រទេសកម្ពុជា។
ទន្ទឹមនេះ សិក្ខាសាលាក៏មានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីការរៀបចំចងក្រង ការប្រមូល និងគ្រប់គ្រងទិន្នន័យ វិស័យដឹកជញ្ជូន និងភស្តុភារកម្ម រវាងក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសឡាវ និងក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម។ សិក្ខាសាលានេះផ្តោតទៅលើខ្លឹមសារសំខាន់ៗជាអាទិ៍៖ Global logistics performance indexes, Macro-logistics approach, Micro-logistics approach, ការវិភាគអំពីទំនាក់ទំនងរវាងវិស័យភស្តុភារកម្ម និងកំណើនផលិតផលក្នុងស្រុកសរុប(GDP) និងករណីសិក្សាពាក់ព័ន្ធមួយចំនួនក្នុងបណ្តាប្រទេសនៃតំបន់អាស៊ី។
ចុងបញ្ចប់នៃសិក្ខាសាលា លោក ឈៀង ពេជ្រ អគ្គនាយកដ្ឋានភស្តុភារកម្ម បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសិក្ខាសាលានេះ ដែលបានផ្តល់ជាចំណេះដឹងផ្នែកគ្រប់គ្រង និងរៀបចំទិន្នន័យស្ថិតិវិស័យភស្តុភារកម្មទាំងនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសវៀតណាម។ ជាពិសេស ការចែករំលែកចំណេះដឹងអនុវត្តរបស់អ្នកជំនាញការអន្តរជាតិផ្នែកភស្តុភារកម្ម ដែលបានព្យាយាមជ្រើសរើសយកប្រធានបទមេរៀនសម្រាប់ការបណ្តុះបណ្តាល និងចែករំលែកដល់សិក្ខាកាមសម្រាប់សិក្ខាសាលារយៈពេល២ថ្ងៃកន្លងមកនេះ។
ជាចុងក្រោយ លោកអគ្គនាយក ក៏បានថ្លែងបិទអង្គសិក្ខាសាលាដោយថ្លែងអំណរគុណដល់សិក្ខាកាមចំពោះការចូលរួមយ៉ាងផុសផុលក្នុងការជជែកពិភាក្សា និងចែករំលែកអំពីបទពិសោធន៍ និងចំណេះដឹងលើការងារប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការចូលរួមដោយផ្ទាល់ និងតាមរយៈវីឌីអូពីចម្ងាយ៕
ដោយ៖សហការី