ភ្នំពេញ៖ បុរសដែលជាជនជាតិខ្មែរសញ្ជាតិអាមេរិកាំងម្នាក់បានស្លាប់ពាក់កណ្តាលផ្លូវនៅលើរថយន្តសង្គ្រោះបន្ទាន់ ខណៈពេលដែលក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅផ្ទះលេខ៣៨ ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សពមានឈ្មោះ កាប់ កន ភេទប្រុស អាយុ៥៤ ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងមានស្រុកកំណើត ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ ឈឹម សុធា អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមការរៀបរាប់ប្រាប់ឲ្យដឹងពីភរិយាសពបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាព្រឹកម៉ោងប្រហែល៧ ប្តីរបស់គាត់បានប្រាប់គាត់ថា ចេះតែថប់ទ្រូងមិនស្រួលខ្លួន រូបគាត់ក៏ដឹកប្តីតាមរថយន្តទៅព្យាបាលនៅក្លីនិចឯកជន រហូតដល់ម៉ោង១រសៀល ទើបអាការៈប្តីគាត់ធូរស្រាលវិញ និងបានមកសំរាកផ្ទះធម្មតា ។ ប្រភពដដែលបានឲ្យដឹងទៀតថា ស្រាប់តែនៅវេលាម៉ោងជាង៦ ល្ងាច អាការៈប្តីគាត់បានរើឡើងវិញ ទើបរូបគាត់បានដឹកយកទៅក្លីនិចឯកជនម្តងទៀត តែលើកនេះខាងក្លីនិច មិនទទួលទេព្រោះថាវាធ្ងន់ធ្ងរពេក ក៏ដឹកបន្តតាមរថយន្តសង្គ្រោះទៅមន្ទីពេទ្យព្រះកុសុមៈ ពេលចូលដល់មន្ទីពេទ្យ គ្រូពេទ្យបានប្រាប់ថា ប្តីរបស់គាត់បានស្លាប់មុនពេលមកដល់មន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញខណ្ឌ សហការជាមួយជំនាញរាជនធានីធ្វើការពិនិត្យសាកសព និងដឹងយកសាកសពទៅតំកល់ទុកនៅមន្ទីរពេទ្យរុស្សី ដើម្បីរង់ចាំបងប្អូនមកពីសហរដ្ឋអាមរិកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សុខាសែនជ័យ
...