ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយនារីជនជាតិខ្មែរម្នាក់ទៀតបានបើករថយន្ត Lexus LX570 មួយគ្រឿងចេញពីអគារខុនដូមួយកន្លែងមិនប្រយ័ត្នត្រូវបានបុរសម្នាក់ដែលជិះម៉ូតូលឿនមកបុកបញ្ឆិតចំពីចំហៀងខាងមុខពេញទំហឹង ធ្វើឱ្យដួលម៉ូតូបោកទៅនឹងថ្នល់បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខអគារខុនដូមួយកន្លែង ក្បែរស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយនារីជនជាតិខ្មែរម្នាក់ទៀតបើករថយន្ត Lexus LX570 មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2X-8168ធ្វើដំណើរចេញពីអគារខុនដូក្បែរកន្លែងកើតហេតុខាងលើក្នុង ទិសដៅពីត្បូងទៅជើង លុះមកដល់កែងមហាវិថីសហព័ន្ធរុស្ស៊ី ក៏មានម៉ូតូមួយគ្រឿងម៉ាកvispa ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FE-3699ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត មកបុកបញ្ឆិតខាងមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឱ្យដួលអូសម៉ូតូទៅមុខប្រមាណជិត១០ម៉ែត្របណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ភារ៉ាដង្កោ