នារដូវបិទនេសាទ៖​ មន្ត្រីជំនាញ ព្រមានចាប់អ្នកប្រព្រឹត្តបទល្មើស

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង៖​ បើ​តាមការបញ្ជាក់ពី​លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទីខេត្តស្ទឹងត្រែង បានថ្លែង​ឱ្យ​ដឹងនៅព្រឹកថ្ងៃចន្ទទី២ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ មន្ត្រីជំនាញ និងចាត់វិធានការតាមផ្លូវច្បាប់ ករណីអ្នកប្រព្រឹត្តបទល្មើសមិនអនុវត្តតាម​ គឺចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះតទៅ ដល់រដូវបិទនេសាទ ក្នុងខេត្តស្ទឹងត្រែង។ សម្រាប់តំបន់ខេត្តស្ទឹងត្រែង រយៈពេល ៦ ខែក្រោយ គឺអនុញ្ញាតឱ្យនេសាទជាធម្មតាវិញ នៅថ្ងៃទី១ ខែតុលា។

លោកនាយខណ្ឌរដ្ឋបាលជលផលស្តីទីរូបនេះ​ បានបន្ថែមថា​៖ សម្រាប់ខេត្តស្ទឹងត្រែង ដែលមានដងទន្លេ ចំនួនបួនគឺ ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលជាជម្រកត្រីពង បន្តពូជពងកូន ក្នុងរដូវនេះ ដើម្បីធានាឱ្យបាន នូវធនធានជលផល កាន់តែសំបូរឡើងវិញ។

ជាមួយគ្នានេះ​លោក ស្រី សមវិចិត្រ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន ក្នុងរដូវបិទនេសាទ ដែលច្បាប់ហាមឃាត់នេះ។​ លោកក៏សុំសំណួមពរ ដល់សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ ចូលរួមចាត់វិធានការ ទៅលើអ្នកប្រព្រឹត្តបទល្មើស ដែលឆ្លៀតឱកាសក្នុងរដូវបិទនេសាទ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។​ ចំពោះឧបករណ៍ដែលផ្ទុយទៅនឹងច្បាប់ហាមឃាត់ មានដូចជា ឧបករណ៍ឆក់, គ្រឿងបំផ្ទុះ, ថ្នាំបំពុល, មងបណ្ដែតវែង, ស្បៃអួន, ស្បៃមុង, ដាយជាដើម។

លោកនាយខណ្ឌរដ្ឋបាលជលផល​ បានបន្តថា​ ជាជំហានដំបូងមន្ត្រីជំនាញចាប់ផ្ដើមធ្វើការអប់រំផ្សព្វផ្សាយគ្រប់មធ្យោបាយ ដើម្បីឲ្យប្រជាពលរដ្ឋ បានជ្រាបជាមុន។ ក៏ប៉ុន្តែករណី នៅតែប្រព្រឹត្ត បទល្មើស តទៅទៀត នឹងត្រូវប្រឈមមុខចំពោះការអនុវត្តច្បាប់។

គួបញ្ជាក់ថា​ ក្នុងរដូវបិទនេសាទ គិតចាប់ពីថ្ងៃទី១ ខែឧសភា​ ឆ្នាំ២០២២ គេអាចនេសាទបាន មានឧបករណ៍ជាលក្ខណៈគ្រួសារ ដូចជា៖ លប, សំណាញ់, សៃយ៉ឺន, សន្ទូចផ្លែមួយ, ចាន់, តុម, អង្រុត និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាតឱ្យ៕

...

ដោយ៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print