ខេត្តកំពង់ស្ពឺ៖ រថយន្តដឹកឈើអត់ច្បាប់មួយគ្រឿងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ធ្វើការបង្ក្រាបកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិត្រពាំងអង្គ្រង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហេង សម្រាក នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០២ ខែឧសភា ឆ្នាំ២០២២នេះថា៖ កម្លាំងជំនាញខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-6592 ដឹកឈើអារចម្រុះគ្មានលិខិតអនុញ្ញាត ។
លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងទៀតថា៖ ជាក់ស្ដែងក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញបានរកឃើញឈើអារចម្រុះចំនួនជាង១០០សន្លឹកនៅក្នុងរថយន្ត។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។
លោកប្រធានការិយាល័យរូបនេះបានបន្តថា ក្រោយប្រតិបត្តិការចប់ វត្តុតាងត្រូវបានបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ដបន្តតាមនីតិវិធី។ រីឯម្ចាស់រថយន្ត និងម្ចាស់ឈេីកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវកោះហៅឱ្យចូលមកដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖សហការី