ភ្នំពេញ៖ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គ្រោងធ្វើដំណើរមកប្រទេសកម្ពុជា និងឡាវ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែលោក Daniel បានផ្អាកការធ្វើដំណើរទស្សនកិច្ចនេះជាបណ្តោះអាសន្នសិន ដោយសារតែលោកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ នេះបើតាមការបញ្ជាក់ពីស្ថានទូតសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី០២ ខែឧសភា ២០២២នេះ។
ទោះជាយ៉ាងណា ស្ថានទូតសហរដ្ឋអាមេរិកមិនបានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ នឹងធ្វើឡើងជាថ្មីនៅពេលណានោះទេ។ បើតាមស្ថានទូត ទស្សនកិច្ចរបស់លោក Daniel នឹងផ្តោតពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងការបន្តគាំទ្រកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ានឆ្នាំ២០២២។
ទស្សនកិច្ចនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុតនៅក្នុងតំបន់នេះ ដោយពង្រឹងបន្ថែមនូវមជ្ឈភាពអាស៊ាន ភាពជាដៃគូរវាងសហរដ្ឋអាមេរិក នឹងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឲ្យអនុតំបន់ទន្លេមេគង្គមានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀតផងដែរ។
នៅប្រទេសកម្ពុជា លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជននិងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងការគាំទ្ររបស់អាមេរិកសម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន។
នៅក្នុងប្រទេសកម្ពុជានិងឡាវ លោកឧបការីរដ្ឋមន្រ្តី នឹងពិភាក្សាពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលលោកប្រធានាធិបតី Biden នឹងរៀបចំនៅទីក្រុង Washington នៅថ្ងៃទី១២ និងទី១៣ ខែឧសភា ខាងមុខផងដែរ៕
ដោយ៖ សូរិយា