ឧបការី​រដ្ឋមន្រ្តីការ​បរទេស​សហរដ្ឋអាមេរិក​ផ្អាក​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដោយ​សារ​វិជ្ជមាន​កូវីដ-១៩

ចែករំលែក៖

 

ភ្នំពេញ៖ លោក Daniel J. Kritenbrink ​ឧបការីរដ្ឋមន្រ្តីក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ សម្រាប់កិច្ច​ការតំ​បន់អាស៊ីបូព៌ា​ និងប៉ាស៊ីហ្វិក​ គ្រោង​ធ្វើដំណើរ​មកប្រទេសកម្ពុជា​ និងឡាវ​ ចាប់ពីថ្ងៃទី០១​ ដល់ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែលោក Daniel​ បានផ្អាកការធ្វើដំណើរទស្សនកិច្ច​នេះជាបណ្តោះ​អា​សន្នសិន ដោយសារតែលោក​ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩​។ នេះបើតាមការបញ្ជាក់ពីស្ថានទូតសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី០២ ខែឧសភា ២០២២នេះ។

​ទោះជាយ៉ាងណា ស្ថានទូតសហរដ្ឋអាមេរិកមិនបាន​បញ្ជាក់ថា ទស្សនកិច្ចរបស់លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ នឹងធ្វើឡើងជាថ្មីនៅពេលណានោះទេ។ បើតាមស្ថានទូត ទស្សនកិច្ចរបស់លោក​ Daniel នឹងផ្តោតពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក​ចំពោះប្រជាជនកម្ពុជា​ និងការបន្តគាំទ្រកម្ពុជា​ ក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ានឆ្នាំ២០២២។

ទស្សនកិច្ចនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសក្មេងជាងគេ និង​មានភាពរស់រវើកបំផុតនៅក្នុងតំបន់នេះ ដោយពង្រឹងបន្ថែមនូវមជ្ឈភាពអាស៊ាន ភាពជា​ដៃគូរវាង​សហរដ្ឋអាមេរិក នឹងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឲ្យអនុ​តំបន់​ទន្លេមេគង្គមានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀតផងដែរ។

នៅប្រទេសកម្ពុជា លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងជួបជាមួយលោក ប្រាក់ សុខុន ឧបនា​យក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជននិងថ្នាក់ដឹក​នាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងការគាំទ្ររបស់អាមេរិកសម្រាប់កម្ពុជា ក្នុង​នាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន។

នៅក្នុងប្រទេសកម្ពុជានិងឡាវ លោកឧបការីរដ្ឋមន្រ្តី នឹងពិភាក្សាពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលលោកប្រធានាធិបតី Biden នឹងរៀបចំនៅទីក្រុង Washington នៅថ្ងៃទី១២ និងទី១៣ ខែឧសភា ខាងមុខផងដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print