ប្រជាពលរដ្ឋរាប់រយនាក់ សម្រុកទៅធ្វើប័ណ្ណ ឆ្លងព្រំដែនកម្ពុជា-ថៃ គំរូថ្មីនៅច្រកចេញ-ចូលតែមួយ ក្រោយបើកដំណើរការឆ្លងកាត់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា អាជ្ញាធរបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ ជាពិសេសនៅពេលមកធ្វើបណ្ណព្រំដែន ដើម្បីឲ្យពួកគេអាចដំណើរចូលទៅថៃបាន ក្រោយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានបើកដំណើរការឲ្យឆ្លងកាត់។ ក្នុងនោះគ្រាន់តែភាគីថៃ បើកឲ្យដំណើរការឆ្លងកាត់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីម្សិលមិញភ្លាម, គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនរយនាក់ បាននាំគ្នាសម្រុកធ្វើបណ្ណឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ គំរូថ្មី (Border Pass) នៅច្រកចេញចូលតែមួយក្នុងសាលាខេត្តបន្ទាយមានជ័យ។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ដំណើរការធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ រួមមាន ដែលបងប្អូនប្រជាពលរដ្ឋត្រូវយកមកភ្ជាប់ជាមួយ ៖

-ពាក្យស្នើសុំបណ្ណព្រំដែនចំនួន១ច្បាប់ ដោយមានបិទរូបថត និងចុះហត្ថាលេខា ឬផ្តិតមេដៃ នៅលើពាក្យស្នើរសុំ

-រូបថតរបស់សាម៉ីខ្លួន ៤គុណ ៦ ចំនួន២សន្លឹក

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចំលង១ច្បាប់

-សេចក្តីចំលងសំបុត្រកំណើត១ច្បាប់

-សេចក្តីចំលងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅចំនួន១ច្បាប់

-កូនចាប់ពីអាយុ១២ឆ្នាំចុះ មិនបាច់ធ្វើទេ គឺអាចរួមដំណើរជាមួយឪពុកម្តាយបាន

-តម្លៃសេវាក្នុង១ច្បាប់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ចំនួន ២០,០០០រៀល រយៈពេលផ្តល់សេវាយ៉ាងយូរ៥ថ្ងៃ បន្ទាប់ពីបានទទួលពាក្យស្នើរសុំ។

លោកអភិបាលខេត្តបានបញ្ជាក់ថា កាលពី២ឆ្នាំមុន ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យភាគច្រើនជាពលករ ទោះបីមានបណ្ណព្រំដែនកម្ពុជា-ថៃ ក៏មិនអាចឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីចូលទៅប្រទេសថៃ ស្វែងរកការងារធ្វើបានដែរ ព្រោះ២ឆ្នាំមុននោះជំងឺកូវីដ១៩ កំពុងតែផ្ទុះយ៉ាងខ្លាំង ហើយរោងចក្រ កន្លែងធ្វើការនៅក្នុងប្រទេសថៃត្រូវបានបិត រហូតពលករខ្មែរបានត្រឡប់មកស្រុកវិញ។

លោកបានបញ្ជាក់ថា «នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីថៃ បានអនុញ្ញាតឱ្យបើកច្រកទ្វារអន្តរជាតិឡើងវិញ ក្នុងនោះភាគីខាងថៃ តម្រូវឱ្យប្រជាពលរដ្ឋខ្មែរបើចង់ឆ្លងដែនចូលខេត្តសាកែវ ទាល់តែមានបណ្ណព្រំដែន កម្ពុជា-ថៃ និងលិខិតឆ្លងដែន ទើបប្រជាពលរដ្ឋសម្រុកមកធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ភ្លូកទឹកភ្លូកដីបែបនេះ»។

សូមរម្លឹកផងដែរថា, កន្លងទៅប្រជាពលរដ្ឋជាច្រើន បានតាមមេខ្យល់លួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ប៉ុន្តែសមត្ថកិច្ចនគរបាលការពារព្រំដែន យោធា កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរ សហការជាមួយភាគីថៃបានឃាត់ខ្លួនបញ្ជូនមកវិញស្ទើរតែរៀងរាល់ថ្ងៃ ។

បច្ចុប្បន្នប្រជាពលរដ្ឋបានសម្រុកទៅធ្វើបណ្ណឆ្លងព្រំដែនកម្ពុជា-ថៃ គំរូថ្មីនៅច្រកចេញ-ចូលតែមួយ ក្រោយបើកដំណើរការឆ្លងកាត់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print