ព្រឹកស្អែកនេះ ! វ៉ាក់សាំងជិត២លានដូស ជាជំនួយរបស់អាមេរិក តាមរយៈយន្ដការកូវ៉ាក់ នឹងមកដល់កម្ពុជា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងអញ្ជើញទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖  បើយោងតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់សារព័ត៌មាន នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ គឺ វ៉ាក់សាំងប្រភេទ Pfizer ចំនួន១,៩៩៩,៥៣០ដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្ដការកូវ៉ាក់ នឹងដឹកមកដល់ប្រទេសកម្ពុជា នាវេលាម៉ោង៦ព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ ។ ការមកដល់នៃវ៉ាក់សាំងប្រភេទ Pfizer ជាជំនួយរបស់អាមេរិកនេះ មានវត្តមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងអញ្ជើញទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ 

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា,  ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ១៩។ ឈរលើយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមេបញ្ជាការកំពូលលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានជំរុញការចាក់វ៉ាក់សាំង និងរកវ៉ាក់សាំងប្រកបដោយភាពរហ័សរហួនបំផុត។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៩៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៣៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៤៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៨,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៥៩,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩៣,៣៨% ។

សូមរម្លឹកថា, កម្ពុជា ទទួលបានវ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានចាប់ផ្តើមបើកការចាក់ជូនប្រជាពលរដ្ឋជាលើកដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលបច្ចុប្បន្នកម្ពុជា កំពុងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ហើយកំពុងចាក់ដូសជំរុញជូនពលរដ្ឋអាយុចាប់ពី ៥ឆ្នាំឡើងផងដែរ។

ក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ជាមួយការប្រតិបត្តិដ៏រហ័សរហួនរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នោះ មកដល់ពេលនេះកម្ពុជា សម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បានជាង ៩៣ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី០២ ខែឧសភា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជាង ៨លាននាក់, ដូសទី៤ បានជាង ១លាននាក់។

ការសម្រេចបានផែនការចាក់វ៉ាក់សាំង បានចំនួនច្រើនក្នុងល្បឿនដ៏លឿននេះ ក៏ដោយសារកម្ពុជារកបានវ៉ាក់សាំងក្នុងល្បឿនមួយដ៏លឿនផងដែរ។ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុបជិត ៥០លានដូស ហើយនៅសល់ក្នុងស្តុកជិត ៩លានទៀត។

តាមរយៈការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងដ៏លឿនជូនប្រជាពលរដ្ឋនេះ បានធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងការពារបានខ្ពស់នូវអត្រាស្លាប់របស់ប្រជាពលរដ្ឋដោយសារជំងឺកូវីដ១៩ ហើយបានឈានដល់ការបើកដំណើរការសកម្មភាពសង្គមពេញលេញឡើងវិញ។

លទ្ធផលនៃការយកឈ្នះលើជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំ និងការលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈផងដែរ លើកលែងកន្លែងបិទជិត ឬមានម៉ាស៉ីនត្រជាក់។

កម្ពុជា ក៏ទើបនឹងត្រូវបានការសែតជប៉ុន សិក្សារកឃើញថា ជាប្រទេសចំណាត់ថ្នាក់លេខ២លើពិភពលោក ដែលបានស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានឆាប់រហ័ស។

លទ្ធផលទាំងនេះ បាននាំឱ្យមានការកោតសរសើរយ៉ាងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះការចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាកិច្ចសហការទាំងឡាយរបស់អាជ្ញាធរ និងការចូលរួមរបស់ប្រជាពលរដ្ឋ។

រហូតដល់ ថ្ងៃទី ២ ខែមេសា​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២នាក់​ (ឆ្លងសហគមន៌​:​ ​​២ នាំចូល:​ ០ នាក់) និងមានជាសះស្បេីយ​ ២១ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣៦២៥៤​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​កេីន​ ១៣៣១១៦ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ #៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2953579  ស្មេីនឹង​ 174767  ក្នុង១លាន នាក់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅទទួលដូសដែលខ្លួន ដល់វេនចាក់វ៉ាក់សាំង ដើម្បីធ្វើអោយមានភាពស៊ាំក្នុងសហគមន៍ ហើយទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះ។ 

ទីបំផុត ! ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ ហើយលេខ១ក្នុងតំបន់អាស៊ាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print