ខេត្តសៀមរាប : អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាបសូមគោរព សូមរាយការណ៍ជូន លោក ខៀវកាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបញ្ជាក់ថា, កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័ន ព្រមទាំងថ្មចម្លាក់ផ្សេងទៀតនៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វាតាកាវ ក្រោយពេលគេបានសម្អាតរុក្ខជាតិ និងកាយកំណកដី ដែលបានលុបលើរចនាសម្ព័ន្ធផ្នែកខាងក្រោមនៃស្ពានហាលជាយូរឆ្នាំមកហើយ។ លោកស្រី គឹម សេងភក្តី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភានេះថា បំណែកថ្ម ដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើង នៃស្ពានហាលឡើងវិញ។
អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប បានបន្តថា, លោកស្រីបញ្ជាក់ថា រូបចម្លាក់អប្សរាទាំងអស់នេះមានលក្ខណ:ដូចគ្នាទៅនឹងរូបចម្លាក់អប្សរានៅតាមសរសរប្រាសាទបាយ័ន្ត រីឯចម្លាក់ថ្មដទៃផ្សេងទៀត មានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ព័ន្ធ នៃសំណង់ខ្លោងទ្វារតាកាវ។
ជាជំហានដំបូង លោកស្រីសន្និដ្ឋានថា ទី១ បំណែកថ្ម ដែលមានរូបចម្លាក់ទាំងនេះប្រហែលជាត្រូវបានសាងសង់ដំណាលគ្នានឹងខ្លោងទ្វារ និងប្រាសាទបាយ័ន្ត ដោយយកថ្មពីប្រាសាទបាយ័ន្តយកមកបំពេញចំណុចខ្វះខាតនៅស្ពានហាលនេះ ព្រោះរូបចម្លាក់អប្សរា ស្ថិតក្នុងរចនាបថបាយ័ន (ចុងស.វ.ទី១២ និងដើមស.វ.ទី១៣)។ ទី២ ស្ពានហាលនេះ អាចមានការសាងសង់បន្ថែមនៅដំណាក់កាលណាមួយដោយបានរុះរើយកថ្មពីប្រាសាទបាយ័ន្តមកប្រើប្រាស់។
ជាជំហានបន្ទាប់ ក្រុមអ្នកបុរាណវិទ្យានឹងធ្វើកំណាយស្វែងរកថ្មរូបចម្លាក់ទេវតាជាច្រើនដែលបានធ្លាក់ចូលទៅក្នុងកសិន្ធុផ្នែកខាងជើងនៃស្ពានហាល ដើម្បីយកថ្មចម្លាក់ដែលកប់បាត់នៅក្នុងដីទាំងអស់នោះមកជួសជុល និងរៀបដាក់ទៅតាមទីកន្លែងដើមវិញ។
យោងតាមការរកឃើញដុំថ្មមានចម្លាក់អប្សរាដូចនៅប្រាសាទបាយ័ន្ត នៅតាមជញ្ជាំងដែលជាគ្រឹះរូបទេវតាបាននាំឱ្យមានចម្ងល់១ ថាតើចម្លាក់ទេវតា និងយក្សទាញព្រ័ត្រនេះសង់នៅពេលណា? សូមអ្នកសិក្សាស្រាវជ្រាវជួយពិចារណា៕
ដោយ : សហការី