ខេត្តកណ្តាល៖ មនុស្សក្មេងចាស់ប្រុសស្រី ៣នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ផ្ទុះធុងបញ្ជូលហ្គាសរថយន្តមួយកន្លែង ស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រក្នុងរាជធានីភ្នំពេញ ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ អាន ប៊ុនណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ស្ថាននីយ៍រងរបួសធ្ងន់ ទី២-ឈ្មោះ លី ពេជ្រ ចរណៃ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបម្រើក្នុងផ្ទះរងរបួសធ្ងន់ និងទី៣-ឈ្មោះ អាន លីហាវ ភេទប្រុស អាយុ៤ឆ្នាំ ជាកូនម្ចាស់ស្ថាននីយ៍រងរបួសស្រាល ។ ជនរងគ្រោះទាំង៣នាក់បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងស្ថាននីយ៍កើតហេតុខាងលើនេះជាមួយគ្នា ។ ក្នុងហេតុការណ៍នេះដែរបានបណ្តាលឲ្យសម្ភារប្រើប្រាស់មួយចំនួនរងការខូចខាតរួមមាន ទូរទស្សន៍សូនី២១អិញ១គ្រឿង ,កុំព្យូទ័រយួរដៃ១គ្រឿង ,ទូរស័ព្ទដៃ១គ្រឿង ,ម៉ូតូហុងដា ធុនសេ១២៥ ១គ្រឿង និងរថយន្ត១គ្រឿងផងដែរ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុម្ចាស់ស្ថាននីយ៍បានហៅក្រុមជាងជំនាញឲ្យមកធ្វើការជួសជុលទុយោបញ្ជូនហ្គាសនៅក្នុងស្ថាននីយ៍របស់ខ្លួន ។ ពេលក្រុមជាងធ្វើការជួសជុលហើយចេញទៅបានមួយសន្ទុះស្រាប់តែផ្ទុះធុងហ្គាសឡើង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល តែមិនបណ្តាលឲ្យកើតមានជាគ្រោះអគ្គិភ័យនោះទេ ។ សមត្ថកិច្ចនគរបាលនៅពុំទាន់ដឹងពីមូលហេតុ នៃការផ្ទុះធុងហ្គាសនេះនៅឡើយទេ ខណៈដែលម្ចាស់ស្ថាននីយ៍រងរបួសធ្ងន់កំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនអាចសួរនាំបាន ៕
ដោយ៖ ស្អាងជ័យ