ការសាងសង់​អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ​ បានសម្រេចបាន ៣៣,៥៨% ហើយ គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ, នេះបើ​គិតត្រឹមចុងខែមេសា ឆ្នាំ២០២២នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បានឱ្យដឹងថា​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង​ បានជួបពិភាក្សាការងារជាមួយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិស័ទថ្ងៃចុង ក្រោយប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Dan Sellers ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ក្រុមការងារនៃគណៈកម្មការទទួលបន្ទុកការងារសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ។

    អង្គប្រជុំបានពិភាក្សាអំពីគម្រោងបំពាក់បរិក្ខារវេជ្ជសាស្ត្រសម្រាប់ដំណើរការអគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ ការធានានិរន្តរភាពថវិកាសម្រាប់កិច្ចដំណើរការការបណ្តុះបណ្តាលបុគ្គលិកជំនាញក្រោមកិច្ចសហការពីមន្ទីរពេទ្យកាល់ម៉ែត ការរៀបចំបណ្តាញផ្គត់ផ្គង់អគ្គិសនី គម្រោងពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងតាមម៉ូដែលស្វយ័ត និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតសម្រាប់តម្រូវការរបស់អគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ។ 

    មានមតិស្វាគមន៍ក្នុងកិច្ចចាប់ផ្តើមជំនួបនោះ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ លោកចង់ឃើញអគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ ត្រូវបានគ្រប់គ្រង និងធ្វើប្រតិបត្តិការតាមម៉ូដែលស្វយ័ត ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធានានិរន្តរភាពនៃដំណើរការមន្ទីរពេទ្យនេះប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកស្រុកកោះធំ និងប្រជាពលរដ្ឋមកពីតំបន់ជុំវិញស្រុកកោះធំ ក៏ដូចជាសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។  

    ទន្ទឹមគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ គិតត្រឹមចុងខែមេសា ឆ្នាំ២០២២ ការងារសាងសង់សម្រេចបាន ៣៣,៥៨%ហើយៗគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយមុនពិធីបុណ្យចូលឆ្នាំខ្មែរ។

 

    សូមជម្រាបជូនថា៖ គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នងគឺ ១-អគារមន្ទីរពេទ្យ ចំនួន០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ, ២-អគារខាងឆ្វេង ចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប១.០០០ ម៉ែត្រការ៉េ, ៣-អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប១.០០០ម៉ែត្រការ៉េ។

    អគារទាំង០៣ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យ ការព្យាបាល ដែលគ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធនៅខែធ្នូ ឆ្នាំ២០២២ខាងមុខ៕ ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print