សម្តេចតេជោយល់ឃើញថា អ្នកគាំទ្ររាជរដ្ឋាភិបាលនៅក្រៅប្រទេស តែងមានចំនួនច្រើនជាងអ្នកប្រឆាំង

ចែករំលែក៖

ភ្នំពេញ÷នៅពេលដែលសម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាន់តែជិតទៅសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនោះពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើងប្រកាសគាំទ្រដំណើររបស់សម្ដេចបញ្ជូនទៅអាមេរិកនៅពេលនេះ។ ចុះពេលនេះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថាជាធម្មតាអ្នកគាំទ្ររាជរដ្ឋាភិបាលនៅក្រៅប្រទេសតែងតែមានចំនួនច្រើនជាងអ្នកប្រឆាំង។

ពលរដ្ឋខ្មែរកំពុងរស់នៅក្រៅប្រទេស(សហរដ្ឋ អាមេរិក)កាន់តែមានចំនួនច្រើនឡើង បានប្រកាសស្វាគមន៍វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំឡុងពេលដែលសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខណៈក្រុមប្រឆាំងបានព្រមានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានសម្តេចតេជោនៅទីនោះ។ ទោះយ៉ាងណា សម្តេចតេជោអំពាវនាវកុំពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រធ្វើបាតុកម្មតបតវិញ ដោយសម្ដេចចំអកថា នឹងរង់ចាំមើលថាតើអ្នកប្រឆាំងនឹងវត្តមានសម្តេចនៅទីនោះមានប៉ុន្មាននាក់ និងប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជានិច្ចកាល តែងមានអ្នកគាំទ្រច្រើនជាងអ្នកប្រឆាំង។

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីពីការអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមកិច្ចប្រជុំដ៏មានសារៈ សំខាន់នេះ ជាពិសេសគឺជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីនោះ។ សម្តេចតេជោបានឲ្យដឹងថា សម្តេចនឹងធ្វើដំណើរទៅកាន់រដ្ឋអាមេរិកនៅថ្ងៃទី១០ ខែឧសភា ហើយនឹងមានជំនួជាមួយប្រជាពលរដ្ឋខ្មែរនៅថ្ងៃទី១១ ខែឧសភា មុនចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន -អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ ទន្ទឹមគ្នានេះ សម្តេចបានប្រកាសថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ បានចេញវីដេអូជាបន្តបន្ទាប់ប្រកាសស្វាគមន៍វត្តមានសម្តេច។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រៅពីអ្នកគាំទ្រ ក៏មានដែរ អ្នកប្រឆាំងនឹងវត្តមានសម្តេច។ ទោះយ៉ាង ណា សម្តេចតេជោអំពាវនាវឲ្យពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រ មានការអត់ធ្មត់ កុំតបត ធ្វើបាតុកម្មប្រឆាំងតវ៉ាវិញ ដោយចំអកទៅក្រុមប្រឆាំងថា សម្តេចនឹងរង់ចាំមើលថាតើមានមនុស្សប៉ុន្មាននាក់មកធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេច។ សម្ដេចជឿជាក់ថា ចំនួនក្រុមអ្នក ប្រឆាំងមិនច្រើនដូចអ្នកគាំទ្ររាជរដ្ឋាភិបាលនោះទេ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ ភ្លាមៗក្រោយការប្រកាសនេះ ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ជាពិសេសប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកផ្ទាល់ មានមកពីរដ្ឋកាលីហ្វ័រញ៉ា រដ្ឋមីនីសូតា រដ្ឋតិចសាស់ រដ្ឋណេវ៉ាដាជាដើម បានចេញវីដេអូជាបន្តបន្ទាប់ ប្រកាសស្វាគមន៍វត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រី នៅលើទឹកដីសហរដ្ឋអាមេរិក។ តាមរយៈវីដេអូខ្លីៗបង្ហោះក្នុងបណ្តាញសង្គម ពួកគាត់បានបញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីរង់ចាំទទួលវត្តមានសម្ដេចតេជោ ហ៊ុន សែន នៅពេលសម្ដេចអញ្ជើញមកកាន់សហរដ្ឋអាមេរិក ធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ជាមួយលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក។

មកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ ការចេញវីដេអូប្រកាសស្វាគមន៍វត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រី របស់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស នៅតែបន្តមានជាហូរហែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ ឬហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិកធ្វើឡើង ដើម្បីបង្ហាញពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានអាយុកាល ៤៥ឆ្នាំ មកហើយ។ កិច្ចប្រជុំកំពូលនេះ គឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតចាប់ពីឆ្នាំ២០១៦ មក និងជាការជួបប្រជុំដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំកម្ពុជាគិតចាប់តាំងពីឆ្នាំ២០១៧ មក។

យោងតាមសេចក្តីថ្លែងការណ៍ ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការទៅតាមវិស័យចម្បងៗពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍផ្សេងៗ។ បន្ថែមពីនេះថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print