ភ្នំពេញ ៖ មានជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿងមកធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់បានសម្រេច ខណៈដែលស្ត្រីរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ រួចនាំគ្នាគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី ០៣ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ដាណា អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកពេទ្យឯកជនមួយកន្លែង ស្នាក់នៅក្នុងបុរីពិភពថ្មីចំការដូង មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់។ សម្ភារដែលបាត់បង់រួមមាន កាបូប កាតគ្រីម៉ូតូ១សន្លឹក អត្តសញ្ញាណប័ណ្ណ១សន្លឹក កាតចាក់វ៉ាក់សាំង១សន្លឹក លុយ១០ម៉ឺនរៀល និងឯកសារមួយចំនួន។
បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HE-5998 ចេញពីម្តុំពេទ្យសម្ដេចឪ ក្នុងគោលបំណងទៅកន្លែងស្នាក់នៅវីញក្នុងបុរីពិភពថ្មីចំការដូង ដោយកាបូបរបស់គាត់បានដាក់នៅរានខាងមុខម៉ូតូ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូពីរគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរមកពីក្រោយ ដោយជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងខាងមុខបានធ្វើសកម្មភាពឆក់យកកាបូបគាត់បានសម្រេច ចំណែកជនសង្ស័យ២នាក់ទៀតជិះម៉ូតូមួយគ្រឿង បិតគូទពីក្រោយ។ ក្រោយពីធ្វើសកម្មភាពឆក់បានសម្រេចហើយពួកគេទាំង៤នាក់នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ភ្លាមៗនោះរូបគាត់ក៏បានស្រែកចោរៗដែរតែគ្មានអ្នកជួយទេ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី១ដែលកំពុងល្បាត បាននាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលធ្វើការសួរនាំនិងបាននាំជនរងគ្រោះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចបានប្រាប់ជនរងគ្រោះថា នៅចំណុចកើតហេតុខាងលើនេះគឺនៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាងហើយសមត្ថកិច្ចបានប្រាប់ជនរងគ្រោះឱ្យទៅដាក់ពាក្យបណ្ដឹងនៅសង្កាត់បឹងសាឡាង។
ក្រោយមក ជនរងគ្រោះបានទំនាក់ទំនងទៅសាច់ញាតិមកទទួលរួចនាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង។ បន្ទាប់ពីទៅដល់ប៉ុស្តិ៍នគរបាលហើយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា សុំទៅផ្ទះវិញសិន ដោយជនរងគ្រោះមិនស្រួលខ្លួន រង់ចាំថ្ងៃស្អែកទើបមកដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ