ខេត្តព្រះសីហនុៈថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអមដំណើរ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរតាមរថភ្លើងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ កម្ពុជា ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។
ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលដទៃទៀត ដែលបានអមដំណើរ សម្តេចនាឱកាសនោះរួមមាន៖ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ កម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក John Guiry នាយកប្រតិបត្តិរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ កម្ពុជាផងដែរ។
ព្រឹត្តិការណ៍នេះជាការស្វាគមន៍ នូវការបើកទំព័រសករាជថ្មី នៃការធ្វើដំណើរតាមផ្លូវរថភ្លើងកម្ពុជា សម្រាប់សាធារណជន បន្ទាប់ពីបានបិទប្រតិបត្ដិការរបស់ខ្លួន អស់រយៈពេលជាង៣០ឆ្នាំកន្លងមក។ ផ្លូវដែកនៅកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុវត្ថិភាពការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរួមចំណែកដល់ការសម្របសម្រួល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា ឲ្យកាន់តែមានភាពរលូន។
ការធ្វើដំណើរនេះ មានទូររថភ្លើងចំនួនប្រាំទូរ ផ្ទុកអ្នកដំណើរប្រមាណ ៣០០នាក់ ក្នុងនោះរួមមាន៖ មន្ត្រីរដ្ឋាភិបាល និងសាធារណជនទូទៅផងដែរ។
ការធ្វើដំណើរនេះនឹងត្រូវចំណាយពេលប្រហែល ៧ម៉ោង ពីភ្នំពេញ ទៅខេត្តព្រះសីហនុ។
ការធ្វើដំណើរនេះបានធ្វើឲ្យក្រុមហ៊ុនផ្លូវដែក បង្ហាញពីសមត្ថភាពដឹកជញ្ជូនអ្នកដឹកដំណើរ និងរថយន្តរបស់ពួកគេនៅលើរថភ្លើងផងដែរ!
ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុនេះ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ បានកសាងឡើង ក្រោមស្នាព្រះហត្ថរបស់ព្រះបរមរតនៈកោដ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ។
ការសាងសង់ផ្លូវដែកទាំងនេះ ត្រូវបានបែងចែកជាបីដំណាក់កាល៖ (ក) ពីរាជធានីភ្នំពេញ ទៅខេត្តតាកែវ មានប្រវែង ៧៥គីឡូម៉ែត្រ (កសាងពីឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៦៦) (ខ) ពីខេត្តតាកែវ ទៅខេត្តកំពត មានប្រវែង ៩២គីឡូម៉ែត្រ (កសាងពី ឆ្នាំ១៩៦៦ ដល់ ឆ្នាំ១៩៦៧) និង (គ) ពីខេត្តកំពត ទៅកាន់ ខេត្តព្រះសីហនុ និងទៅកំពង់ផែព្រះសីហនុ មានប្រវែង ៩៩គីឡូម៉ែត្រ (កសាងពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩) ៕
ដោយ សុខ ខេមរា