សមាគមអ្នកនាំចូលកូរ៉េ​៖​ ការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖​ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ ព្រមទាំងលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។​ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​ពាណិជ្ជកម្ម​។

ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងទៀតថា​ លោករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២​ បានសម្តែងនូវក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសមាគម និងក្រសួងពាណិជ្ជកម្ម នាពេលកន្លងមកនេះ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរជន និងវិនិយោគិនដែលមកវិនិយោគនៅកម្ពុជា។

លោករដ្ឋមន្រ្តីបន្តថា ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។ បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជា៖​ មៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែឆ្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។

ជាការឆ្លើយតប លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ។ លោកបានបន្តថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH ក៏បានជម្រាប លោករដ្ឋមន្រ្តី ពីគោលបំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពធុរកិច្ចលើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print