ភ្នំពេញ៖ ចំណងស្នេហារវាងតារាសម្តែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី នឹងកម្លោះសង្ហាកីឡាករបាល់ទាត់ លោក លី វ៉ាហេទ ហាក់បង្ហាញពីការបាត់បង់ភាពផ្អែមល្ហែមដោយជំនួសមកវិញនូវអារម្មណ៍អន់ចិត្ត តូចចិត្តពីភាគីខាងស្រី។ ស្របពេលភាសាផ្អែមល្ហែមដែលពួកគេធ្លាប់ពោលរួមគ្នាកន្លងមកត្រូវបានបាត់បង់នោះគឺធ្វើឱ្យអ្នកគាំទ្រពួកគេសន្និដ្ឋានបានថា ចំណងស្នេហ៍ខុសវ័យនេះអាចនឹងរងភាពរង្គោះរង្គើហើយ ជាមួយនឹងការខកខានបង្ហោះបង្ហាញរូបថតផ្អែមល្ហែមរួមគ្នា តែផ្ទុយមកវិញបង្ហាញដោយភាសាស៊កសៀតDramaជាហូរហែទៅវិញ ដែលបង្ហាញពីតម្រុយនៃការចែកផ្លូវគ្នាដើរនោះតែម្តង។
មិត្តភក្ដិនិងតារាដែលស្និទ្ធស្នាលជាមួយសុខ សោម៉ាវត្តី ចង់ដឹងពីដើមចមដែលនាំឲ្យអ្នកមេម៉ាយកូន១រូបនេះចែកផ្លូវគ្នាជាមួយប្រុសក្មេងលី វ៉ាហេទ។ មានការទម្លាយដែរថា សុខ សោម៉ាវត្តីក៏បានទាំងស្នើឱ្យមិត្តភក្តិជិតដិតឈប់សួរដេញដោលរឿងស្នេហានាងថែមទៀតផង និងចង់ទុកពេលវេលាឱ្យស្ងប់ស្ងាត់។ យើងនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីអ្នកទាំងពីរបាននៅឡើយទេ ប៉ុន្តែបើយោងតាមការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាងសុខ សោម៉ាវត្តីជាហូរហែក្នុងមួយរយៈចុងក្រោយនេះគឺបានបង្ហាញពីសកម្មភាពក្នុងការដើរលម្ហែកម្សាន្តនៅតាមខេត្តផ្សេងៗតែម្នាក់ឯងប៉ុណ្ណោះដោយមិនមានការរួមដំណើរជាមួយកម្លោះសង្ហាវ៉ាហេទដូចមុនឡើយ។ អ្នកជិតដិតនាងលើកឡើងថាមិនទាន់មានតម្រុយច្បាស់លាស់នៅឡើយទេថា ពួកគេពិតជាចែកផ្លូវគ្នាដើរមែននោះ គឺនេះគ្រាន់តែជាការបញ្ចេញសញ្ញានៃការអន់ចិត្តគ្នានៅឡើយ ហើយប្រសិនបើពេលនេះនាងសម្រេចចិត្តចែកផ្លូវគ្នាដើរមែន នាងនឹងជួបរឿងខកចិត្តលើជីវិតគូជាលើកទី២ជាក់ជាមិនខាន បន្ទាប់ពីមានឈ្មោះជាស្រីមេម៉ាយកូនមួយអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីផ្តាច់ចំណងស្នេហ៍ជាមួយអតីតស្វាមីជាង៥ឆ្នាំកន្លងមកហើយនោះ។ ដំណឹងនេះអាចនឹងធ្វើឱ្យអ្នកគាំទ្រពួកគេខកចិត្តមិនតិចនោះទេ ព្រោះតែអ្នកទាំងពីរត្រូវបានទស្សនិកជនលើកឡើងថាជានិមិត្តរូបស្នេហាខុសវ័យស័ក្តិសមបំផុត និងតែងលើកឡើងជាគំរូសម្រាប់ស្នេហាដែលមិនប្រកាន់ពីស្ថានភាពជីវិតក្រមុំមេម៉ាយនោះឡើយ។
គូរបញ្ជាក់ថា សុខ សោម៉ាវត្តី បានភ្ជាប់ស្នេហ៍ជាមួយលោកលី វ៉ាហេទ កាលពីអំឡុងឆ្នាំ២០១៦ ក្រោយពីពួកគេបានថតខ្សែភាពយន្តបែបស្នេហាកំប្លែងឱ្យផលិតកម្ម Rock គឺរឿង”សិស្សប្អូនសំណព្វចិត្ត”។ ជំនួបជាតួឯកប្រុសស្រីរួមគ្នាលើកដំបូងនេះបានបង្កើតឱ្យមានភ្លើងស្នេហាក្រៅឆាករហូតដល់ចាស់ទុំទាំងសងខាងដឹងឮនិងបង្ហាញពីភាពផ្អែមល្ហែមធ្វើឱ្យបុរសស្ត្រីមិនតិចទេដែលកើតក្តីច្រណែន ប៉ុន្តែពេលនេះឈានដល់ចំណុចស្រពេចស្រពឹលទៅវិញ៕